ព័ត៌មានអន្តរជាតិ

រុស្សី បារម្ភការវាយប្រហារ ដោយអ៊ុយក្រែន លើរោងចក្រនុយក្លេអ៊ែរ Zaporozhye នឹងក្លាយទៅជាសោកនាដកម្ម

បរទេស៖ ប្រធានទីភ្នាក់ងារអាតូមិករបស់រុស្សី ឬហៅកាត់ថា Rosatom លោក Alexey Likhachev បានថ្លែងប្រាប់ទៅកាន់បណ្តាញ ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃម្សិលមិញនេះថា ការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះមកលើទីតាំងរោងចក្រនុយក្លេអ៊ែរ Zaporozhye នឹងអាចក្លាយទៅជាភាពប្រថុយប្រថានមួយ ដែលបង្កជាសោកនាដកម្មនុយក្លេអ៊ែរ ដ៏អាក្រក់ជាមិនខាន។

រដ្ឋាភិបាលទីក្រុងមូស្គូ ក៏បានធ្វើការទំនាក់ទំនង ទៅកាន់ទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA ផងដែរដើម្បីរាយការណ៍ពីហេតុការណ៍ ដែលអ៊ុយក្រែនបានធ្វើការវាយប្រហារជាច្រើន ដងមកលើទីតាំងហើយបានទាំងអំពាវនាវ ឲ្យបញ្ឈប់សកម្មភាពនេះទៀតផង។

លោក Likhachev បានប្រាប់អ្នកកាសែតថា៖ ពួកយើងកំពុងស្ថិតនៅក្នុងការពិភាក្សាគ្នាជាមួយនឹង IAEA រហូតមកចាប់តាំង តែពីពេលដែលអ៊ុយក្រែន បានធ្វើការវាយប្រហារ ដោយក្នុងនោះគិតត្រឹមចុងសប្តាហ៍កន្លងមកនេះ គ្រាប់ផ្លោងដល់ទៅ៣០គ្រាប់ បានហោះធ្លាក់ក្បែរទីតាំងសាជាថ្មី និងបានបំផ្លាញរោងចក្រផលិតថាមពល បម្រុងផងដែរ។

គួរឲ្យដឹងដែរថារោងចក្រនុយក្លេអ៊ែរ ដែលធំបំផុតរបស់ពិភពលោកមួយនេះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារុស្សី គិតចាប់តាំងតែពីថ្ងៃទី២៨ខែកុម្ភៈ មកម្ល៉េះនិងបានក្លាយ ទៅជាទីតាំងប្រឈមមុខដាក់គ្នា រហូតមកមិនដែលខានឡើយ រវាងភាគីទាំងពីរអ៊ុយក្រែន និងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី

To Top