ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះដោយបានដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ថា មនុស្ស៣៦នាក់បានស្លាប់ និង២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គីភ័យកើតឡើងនៅឯរោងចក្រ១កន្លែងនៅភាគកណ្តាលនៃប្រទេសចិន ។
ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានរាយការណ៍ថា អគ្គីភ័យបានកើតឡើង “នៅឯរោងចក្រ១កន្លែងនៅក្នុងទីក្រុង Anyang ខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ” ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ក្រុមសេវាសង្គ្រោះដំបូងបានទទួលសេចក្តីរាយការណ៍អំពីអគ្គីភ័យនៅម៉ោង៨និង២២នាទីម៉ោងសកល ត្រូវនឹងម៉ោង៤និង២២នាទីល្ងាច ម៉ោងនៅសិង្ហបុរី ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ក្រុមពន្លត់អគ្គីភ័យបានបញ្ជូនរថយន្តចំនួន៦៣គ្រឿងទៅកាន់កន្លែងកើតហេតុ ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា “បន្ទាប់ពីទទួលបានការជូនដំណឹងនោះ ក្រុមសង្គ្រោះអគ្គិភ័យក្រុងបានបញ្ជូនកម្លាំងទៅកន្លែងកើតហេតុភ្លាមៗ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា