ព័ត៌មានអន្តរជាតិ

ទាហានមីយ៉ាន់ម៉ា ដុតផ្ទះប្រជាជនជាង ១៣០ខ្នង, ស្ត្រីពិការភ្នែកអាយុ ៨០ឆ្នាំ ត្រូវបានគេជឿថា បានឆេះរហូតដល់ស្លាប់

បរទេស៖ ស្ត្រីវ័យចំណាស់ម្នាក់ និងបុរសម្នាក់ក្នុងវ័យ ៥០ ឆ្នាំ បានស្លាប់ ចំពេលមានការវាយឆ្មក់ ជាបន្តបន្ទាប់ដែលធ្វើឡើង ដោយយោធាមីយ៉ាន់ម៉ា លើភូមិនានាក្នុងបន្ទាយតស៊ូរបស់តំបន់ Sagaing នៃទីប្រជុំជន Khin-U កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។

យោងតាមសារព័ត៌មាន Myanmar Now ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មកពី Paung Hle Kone នៅភាគខាងត្បូង Khin-U ជាកន្លែងដែលយោធាបានចាប់ផ្តើមការវាយលុកប្រឆាំងនឹងកងកម្លាំងតស៊ូក្នុងតំបន់កាលពីប៉ុន្មានថ្ងៃមុន។

ខណៈដែលទាហានបានដុតផ្ទះជាង ១៣០ ខ្នងនៅក្នុងសហគមន៍នោះ ស្ត្រីដែលពិការភ្នែក និងមានអាយុ ៨០ឆ្នាំ ត្រូវបានគេជឿថា បានឆេះរហូតដល់ស្លាប់។ ចំណែកបុរសម្នាក់ទៀត ក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារជំងឺផ្លូវដង្ហើម ពេលកំពុងរត់ជាមួយអ្នកភូមិផ្សេងទៀត ពីការវាយទៅលើ Paung Hle Kone ។

បន្ទាប់​ពី​ការ​វាយ​ប្រហារ ទាហាន​បាន​រុល​ទៅ​ភូមិ​ Let Pan Gyi ដែល​នៅ​ជិត​ខាង​ដោយ​ដុត​ បំផ្លាញ​ផ្ទះ​អស់​ប្រហែល ៩០ គ្រួសារ។ អ្នកស្រុកបាននិយាយថា អ្នកស្រុកម្នាក់បានរងរបួសដោយសារ ការបាញ់កាំភ្លើងធំពីចម្ងាយ ខណៈដែលគាត់ព្យាយាមពន្លត់ភ្លើង។

យ៉ាងហោចណាស់ភូមិចំនួន ៥ ទៀតនៅក្នុងឃុំ Khin-U ក៏ត្រូវបានតម្រង់ទិសជា បន្តបន្ទាប់ដោយការវាយឆ្មក់។

យោងតាមទិន្នន័យដែលប្រមូល បានដោយក្រុមតស៊ូប្រដាប់អាវុធក្នុងស្រុក ផ្ទះសរុបជិត ២ ០០០ គ្រួសារមកពីភូមិចំនួន ៤០ ក្នុងទីប្រជុំជន Khin-U ត្រូវបានបំផ្លាញដោយការវាយប្រហារ ដោយភ្លើងឆេះរបស់រដ្ឋាភិបាល ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១។ ជនស៊ីវិលប្រហែល ២០ ០០០នាក់ ក៏ត្រូវបានផ្លាស់ទីលំនៅផងដែរ ដែលជារឿយៗបានជ្រកកោន នៅក្នុងព្រៃក្បែរនោះចាប់តាំងពី បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top