ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងគុយបា ចាប់ដៃគ្នាបង្កើនទំនាក់ទំនងទ្វេភាគី

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងប្រធានាធិបតីគុយបា លោក Miguel Diaz-Canel Bermudez បានសម្តែងការត្រៀមខ្លួនរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។

វិមានក្រឹមឡាំងបានឲ្យដឹងថា “អតីតសហភាពសូវៀត និងរុស្ស៊ីបច្ចុប្បន្ន តែងតែគាំទ្រប្រជាជនគុយបាក្នុងការតស៊ូ ដើម្បីឯករាជ្យភាព និងអធិបតេយ្យភាព។ យើងតែងតែប្រឆាំង នឹងការរឹតបន្តឹង ការហ៊ុមព័ទ្ធ ការបិទផ្លូវជាដើម។ យើងតែងតែគាំទ្រគុយបាលើវេទិកាអន្តរជាតិ” ។ ។

លោកបានប្រាប់ Diaz-Canel ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីថា “ផ្អែកលើមូលដ្ឋានរឹងមាំនៃមិត្តភាព យើងត្រូវតែឆ្ពោះទៅមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងលក្ខខណ្ឌបច្ចុប្បន្ន” ។

លោក Diaz-Canel បានលើកឡើងថា គុយបាកោតសរសើរ ចំពោះការខិត ខំប្រឹងប្រែង និងតួនាទីរបស់រុស្ស៊ី ក្នុងការតម្រង់ទិសពិភពលោក ឆ្ពោះទៅរកពហុប៉ូល ហើយចង់បន្តលើកកម្ពស់ ទំនាក់ទំនងជាមួយរុស្ស៊ី ។

មុនពេលកិច្ចពិភាក្សារបស់ពួកគេ លោកពូទីន និងលោក Diaz-Canel បានចូលរួមនៅក្នុងពិធីដាក់តាំងបង្ហាញវិមានដល់អតីតមេដឹកនាំគុយបា Fidel Castro នៅទីក្រុងមូស្គូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top