ព័ត៌មានអន្តរជាតិ

ចិនឆ្លើយតប ក្រោយពីរដ្ឋមន្ត្រីក្រសួង ការពារជាតិអាមេរិកថា ឥណ្ឌូនេស៊ីជាមិត្តល្អជាមួយចិន និងអាមេរិក

បរទេស៖ ឆ្លើយតបនឹងសំណួរពីទូរទស្សន៍ Shenzhenថា យោងតាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយនៅក្នុងសន្និសីទកាសែត ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Llyod Austin នាពេលថ្មីៗនេះថា ឥណ្ឌូនេស៊ីជាមិត្តល្អជាមួយចិន និងអាមេរិក ហើយរក្សាទំនាក់ទំនងមិត្តភាព ជាមួយប្រទេសទាំងពីរ។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ចិន និងឥណ្ឌូណេស៊ី គឺជាប្រទេសកំពុងអភិវឌ្ឍន៍ធំ និងជាតំណាងនៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

លោកថា យើងចែករំលែកផលប្រយោជន៍ ទៅវិញទៅមកយ៉ាងទូលំទូលាយ និងកន្លែងធំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ។ មិនយូរប៉ុន្មាន លោកប្រធានាធិបតី Xi Jinping បានចូលរួមកិច្ចប្រជុំកំពូល G20 លើកទី 17 នៅប្រទេសឥណ្ឌូនេស៊ី ហើយបានជួបជាមួយប្រធានាធិបតី Joko Widodo ។

យោងតាមវែបសាយរបស់ ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា មេដឹកនាំទាំងពីរបានឈានដល់ ការឯកភាពដ៏សំខាន់នៃការរួមគ្នា កសាងសហគមន៍ចិន-ឥណ្ឌូនេស៊ី ដែលមានអនាគតរួមគ្នា។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ កម្រិតខ្ពស់ចិន-ឥណ្ឌូណេស៊ី បានធ្វើជាគំរូដ៏ល្អសម្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍ធំៗដែល កំពុងស្វែងរកការពង្រឹងខ្លួនតាមរយៈ កិច្ចសហប្រតិបត្តិការដោយស្មោះ។

លោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃទី២៣ ខែវិច្ឆិកាថា អ្វី​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​បាន​និយាយ​ក៏​ចង្អុល​បង្ហាញ​ដល់​សេចក្តី​ប្រាថ្នា​រួម ​របស់​ប្រទេស​ក្នុង​តំបន់​សម្រាប់​ការ​បើក​ចំហរ និង​ការ​រួម​បញ្ចូល​គ្នា និង​ការ​ប្រឆាំង​នឹង​ការ​បង្ខំ​ឱ្យ​ជ្រើសរើស​ភាគី។ អាស៊ី-ប៉ាស៊ីហ្វិក គឺជាអ្នកពន្លឿនកិច្ចសហប្រតិបត្តិការ ជាជាងជាក្តារអុកសម្រាប់ការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។

លោកបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយភាគីទាំងអស់ ដើម្បីពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទង ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និងរួមគ្នាការពារសន្តិភាព និងវិបុលភាពក្នុងតំបន់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top