ព័ត៌មានអន្តរជាតិ

តួកគី និងគុយបា ចុះកិច្ចព្រមព្រៀងបង្កើន កិច្ចសហប្រតិបត្ដិការ ក្នុងគ្រាកំពុងតានតឹងជាមួយអាមេរិក

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសរបស់លោកចង់បង្កើន កិច្ចសហប្រតិបត្តិការជាមួយគុយបា ហើយប្រទេសទាំងពីរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦ ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង វប្បធម៌ និងការទូត។

នៅក្នុងសន្និសីទសារព័ត៌មានរួមក្នុងរដ្ឋធានី អង់ការ៉ា លោក Erdogan បានលើកឡើងថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ របស់ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មី មួយក្នុងទំនាក់ទំនងរវាងតួកគី-គុយបា។

លោកបានបន្ថែមថា “ខ្ញុំយកចិត្តទុកដាក់លើការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរបស់យើង ជាពិសេសជាមួយប្រទេសគុយបា ដែលជាដៃគូចម្បងមួយ របស់យើងនៅក្នុងតំបន់” ។

មេដឹកនាំទាំងពីរបានពិភាក្សា អំពីវិធីអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ថាមពល ទេសចរណ៍ សំណង់ កសិកម្ម ការអភិវឌ្ឍន៍ សុខាភិបាល និងបរិស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

លោក Erdogan បានបន្ដថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសគុយបា បានរារាំងដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម របស់តួកគីជាមួយប្រទេសនេះ ប៉ុន្តែភាគីទាំងពីរចង់បង្កើន ទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០០លានដុល្លារអាមេរិក។

សម្រាប់ផ្នែករបស់លោក Diaz-Canel វិញបានឲ្យដឹងថា ពួកគេបានសង្កេតឃើញការប្តេជ្ញាចិត្ត រួមគ្នាក្នុងការអភិវឌ្ឍទំនាក់ទំនង នយោបាយរវាងប្រទេសទាំងពីរ ហើយបានយល់ព្រមពង្រឹងការ ផ្លាស់ប្តូរដោយប្រើប្រាស់ឱកាសដែលមាន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top