ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ច្រានចោលការចោទប្រកាន់នូវដំណើរការ ត្រួតពិនិត្យមានសភាពយឺតយ៉ាវ ចំពោះនាវាដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន

អង់ការ៉ា៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគីបានថ្លែងកាលពីនៅថ្ងៃសុក្រថា ក្រុងម៉ូស្គូ បានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅត្រួតពិនិត្យកប៉ាល់កាន់តែច្រើនក្នុងទីក្រុងអ៊ីស្តង់ប៊ុលក្នុង១ថ្ងៃៗជាជាងការបង្គាប់បញ្ជាក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយច្រានចោលពីការចោទប្រកាន់របស់អ៊ុយក្រែនថា រុស្ស៊ីកំពុងធ្វើឱ្យដំណើរការយឺតយ៉ាវ ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានដំណើរការយឺតជាងមុនចាប់តាំងពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ត្រូវបានបន្តកាលពីសប្តាហ៍មុនដើម្បីជួយបន្ធូរបន្ថយភាពអត់ឃ្លានរបស់សកលលោក ។

លោក Vasyl Bodnar ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសតួកគីបានសន្មតថា ការធ្លាក់ចុះនៃភាពមិនច្បាស់លាស់កាលពីសប្តាហ៍មុនលើការបន្តកិច្ចព្រមព្រៀង និងការបដិសេធរបស់រុស្ស៊ី ក្នុងការបង្កើនល្បឿនអធិការកិច្ច និងបង្កើនចំនួន៣ក្រុមនាពេលបច្ចុប្បន្ននេះ ។

លោក Aleksey Erkhov ឯកអគ្គរដ្ឋទូតរុស្ស៊ីបានលើកឡើងថា ប្រទេសរុស្ស៊ី “គោរពយ៉ាងតឹងរ៉ឹងនូវកាតព្វកិច្ចរបស់ខ្លួន” ក្រោមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលតម្រូវឱ្យភាគីបង្កើតក្រុមអធិការកិច្ចចំនួន៣ ។

លោកបានបញ្ជាក់ថា “ដោយផ្អែកលើនេះ ចំនួន និងសមាសភាពគណៈប្រតិភូរុស្ស៊ីទៅកាន់ JCC ត្រូវបានបង្កើតឡើង” ដោយបន្ថែមថា រុស្ស៊ីបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅក្រុមអធិការកិច្ចបន្ថែមមួយ ឬពីរជារៀងរាល់ថ្ងៃ ដោយសារការកើនឡើងនៃចំនួននាវា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top