ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ទំនាក់ទំនងរវាងចិននិងគុយបា បានក្លាយជាគំរូនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសសង្គមនិយម និងជួយយកអាសាគ្នាទៅវិញទៅមក ដោយស្មោះត្រង់រវាង ប្រទេសកំពុងអភិវឌ្ឍន៍

កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Miguel Díaz-Canel Bermúdez លេខាធិការទីមួយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបាដែលកំពុង បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តបង្កើនការណែនាំ ខាងនយោបាយចំពោះការអភិវឌ្ឍ ទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពីរ ហើយបន្តធ្វើឱ្យទំនាក់ទំនង ដ៏មេត្រីភាពនិងវិសេសវិសាល រវាងចិននិងគុយបាមានភាពកាន់តែ ស៊ីជម្រៅក្នុងយុគសម័យថ្មី ។

សូមបញ្ជាក់ថា សហគមន៍រួមវាសនារវាងចិននិងគុយបា គឺជាសហគមន៍រួមវាសនាដំបូងគេបង្អស់ ដែលប្រទេសចិនបានបង្កើត ជាមួយប្រទេសអាមេរិកឡាទីន និងការ៉ាប៊ីនដែលបានចង្អុលបង្ហាញ នូវទិសដៅសម្រាប់អភិវឌ្ឍទំនាក់ទំនង ទ្វេភាគីក្នុងយុគសម័យថ្មី ។ ប្រទេសគុយបា គឺជាប្រទេសដំបូងគេបង្អស់ នៅអឌ្ឍគោលខាងលិច ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋប្រជាមានិតចិន ។ លោក Miguel Díaz-Canel Bermúdez គឺជាប្រមុខរដ្ឋនៃប្រទេសអាមេរិកឡាទីន និងការ៉ាប៊ីនដំបូងគេបង្អស់ដែល អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ទំនាក់ទំនងរវាងចិននិងគុយបា បានក្លាយជាគំរូនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសសង្គមនិយម និងជួយយកអាសាគ្នាទៅវិញទៅមក ដោយស្មោះត្រង់រវាង ប្រទេសកំពុងអភិវឌ្ឍន៍ ។

បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែរីករាលដាលសាចុះសាឡើង សម្ពាធដែលសេដ្ឋកិច្ចមានសភាព ធ្លាក់ចុះបានកើនឡើង ហើយពិភពលោកកំពុងស្ថិតក្នុង រយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ។ ដោយសារគុយបារងការដាក់ទណ្ឌកម្ម ដោយឯកតោភាគីពីអាមេរិក ក្នុងរយៈពេលជាយូរ បានជាការអភិវឌ្ឍរបស់ខ្លួន កំពុងប្រឈមនឹងបញ្ហាជាច្រើន ។ ថ្លែងក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋប្រទេស ទាំងពីរលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា គណបក្សទាំងពីរចិននិងគុយបា គួរតែរក្សាការប្រាស្រ័យ ទាក់ទងយ៉ាងជិតដិត បង្កើនការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាកសាងឱ្យបានល្អ នូវសង្គមនិយមដែលសមស្រប នឹងសភាពការណ៍ជាតិរៀងៗខ្លួន ។ ជាការឆ្លើយតប លោក Miguel Díaz-Canel Bermúdez បានលើកឡើងថា គុយបានឹងចាត់ទុកប្រទេសចិនជាគំរូ ដើម្បីប្រឈមមុខដោយផ្ទាល់ នូវការសាកល្បងនិងសម្រេចបាន នូវគោលដៅនៃការកសាងសង្គមនិយម ។ ប្រការនេះបានបញ្ចេញ សញ្ញាយ៉ាងច្បាស់លាស់ថា ភាគីទាំងពីរនឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការ ជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ និងពួតដៃគ្នាកសាងសង្គមនិយមទំនើប ។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទី១ របស់គុយបា ហើយគុយបាគឺជាដៃគូពាណិជ្ជកម្មធំទីពីរ របស់ចិនក្នុងតំបន់ការ៉ាប៊ីន ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងគុយបា បានកើនឡើង ៧,២ ភាគរយ ហើយក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើងតទៅទៀត ។

ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ដំណើរទស្សនកិច្ចរបស់ មេដឹកនាំកំពូលគុយបា នៅប្រទេសចិនលើកនេះក៏បានត្រួសត្រាយចន្លោះ អភិវឌ្ឍន៍កាន់តែទូលំទូលាយ និងដើរតួនាទីកាន់តែធំក្នុងកិច្ចសហប្រតិបត្តិការ រវាងចិននិងអាមេរិកឡាទីនផងដែរ ។ បច្ចុប្បន្ននេះ មានប្រទេសអាមេរិកឡាទីនចំនួន ២១ បានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការស្តីពី “ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេសចិន ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិកឡាទីនបានឈានដល់ ៤៥០ ពាន់លានដុល្លារអាមេរិក ជាលើកដំបូងដែលបានបំបែក កំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ អ្នកវិភាគបានចង្អុលបង្ហាញថា ការរួមគ្នាបង្កើតសហគមន៍រួមវាសនា រវាងចិននិងគុយបានឹងដើរតួនាទីជាគំរូនៅអាមេរិកឡាទីននិងការ៉ាប៊ីន ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងចិននិងអាមេរិកឡាទីន ទទួលបានការអភិវឌ្ឍដែលមានភាពកាន់តែ ល្អប្រសើរក្នុងយុគសម័យថ្មី ។

នៅអាមេរិកឡាទីន មានសុភាសិតមួយឃ្លាដែលថា “មិត្តភក្តិពិតប្រាកដអាចធ្វើឱ្យមនុស្ស នៅម្ខាងទៀតនៃពិភពលោករំភើបចិត្ត” ។ សំដៅទៅរកអនាគត ចិននិងគុយបានឹងបន្តធ្វើជាអ្នករួមដំណើរ ក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍សង្គមនិយម ដៃគូល្អសម្រាប់ការអភិវឌ្ឍរួម និងជាយុទ្ធមិត្តល្អសម្រាប់ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីផ្តល់សុខសុភមង្គល និងផលប្រយោជន៍ដល់ប្រជាជន របស់ភាគីទាំងពីរឱ្យបានកាន់តែល្អប្រសើរ ៕

To Top