ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ព្រមានថា ចិននឹងមានក្បាលគ្រាប់ នុយក្លេអ៊ែរ ១ ៥០០គ្រាប់ នៅត្រឹមឆ្នាំ២០៣៥

បរទេស ៖ មន្ទីរបញ្ចកោណ របស់សហរដ្ឋអាមេរិកបានព្រមានថា ប្រទេសចិន កំពុងបង្កើនសមត្ថភាព អាវុធនុយក្លេអ៊ែរ របស់ខ្លួនយ៉ាងឆាប់រហ័ស ហើយកំពុងឈាន ទៅដល់ជិតបួនដង នៃចំនួនក្បាលគ្រាប់នៅក្នុងឃ្លាំង អាវុធរបស់ខ្លួននៅឆ្នាំ ២០៣៥ ដោយកាត់បន្ថយគម្លាត កម្លាំងអាវុធជាមួយ សហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួនស្តីពីកម្លាំងយោធា របស់ប្រទេសចិនថា “ក្នុងរយៈពេលមួយទសវត្សរ៍ ក្រោយ PRC (សាធារណៈរដ្ឋប្រជាមានិតចិន) មានគោលបំណងធ្វើទំនើបកម្ម ធ្វើពិពិធកម្ម និងពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន” ។ របាយការណ៍ បានបន្ថែមថា ការសាងសង់នេះមានទំហំធំ និងច្រើនបញ្ចូលគ្នាជាងគំនិតផ្តួចផ្តើម ទំនើបកម្មនុយក្លេអ៊ែរ ដែលចិនបានធ្វើ កាលពីមួយទសវត្សរ៍មុនទៅទៀត។

មន្ទីរបញ្ចកោណបាននិយាយទៀតថា បច្ចុប្បន្នទីក្រុងប៉េកាំង មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៤០០ ក្បាល កើនឡើងពីការប៉ាន់ប្រមាណពីមុន ៣៥០ ។ នៅក្នុងល្បឿន នៃការអភិវឌ្ឍន៍ ឃ្លាំងស្តុកនឹងកើនឡើង ដល់ប្រហែល ១ ០០០ ក្បាលគ្រាប់នៅចុងទសវត្សរ៍នេះ និងដល់ ១ ៥០០ នៅត្រឹមឆ្នាំ ២០៣៥។ តាមការប្រៀបធៀប អាមេរិកមានក្បាលគ្រាប់សកម្មចំនួន ៣ ៧៥០ និងឃ្លាំងស្តុកសរុបជាង ៥ ០០០ គ្រាប់៕

To Top