ព័ត៌មានអន្តរជាតិ

តួកគី ជំរុញឲ្យអាមេរិក ស្វែងយល់ពីប្រតិបត្តិការ ដែលអាចកើតមាន នៅក្នុងប្រទេសស៊ីរី

អង់ការ៉ា ៖ រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បានអំពាវនាវ ដល់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញពីការយល់ដឹង សម្រាប់ប្រតិបត្តិការជើងគោក តួកគីថ្មី ដែលអាចកើតមាននៅភាគខាងជើង ប្រទេសស៊ីរី។

នៅពេលសួរអំពីសេចក្តីថ្លែងការណ៍ របស់មន្ត្រីអាមេរិកប្រឆាំង នឹងសកម្មភាពយោធា ដែលអាចកើតមានរបស់តួកគី ចូលទៅក្នុងប្រទេសស៊ីរី លោក Akar បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំឱ្យទីក្រុងអង់ការ៉ា វាយតម្លៃឡើងវិញ នូវគោលបំណងរបស់ខ្លួន សម្រាប់ការលុកលុយយោធាថ្មី។

រដ្ឋមន្ត្រីតួកគីបានប្រាប់ អ្នកយកព័ត៌មានថា “ពួកគេបានស្នើឱ្យយើងពិចារណាឡើងវិញ ។ យើងក៏បានពន្យល់ ពីភាពរសើបរបស់យើងផងដែរ ហើយចង់ឱ្យពួកគេរក្សាការ សន្យារបស់ពួកគេ ។ យើងបានសង្កត់ធ្ងន់ថា ពួកគេគួរតែយល់ពីយើង” ។

លោក Akar បានសន្ទនា តាមទូរស័ព្ទជាមួយសមភាគីអាមេរិករបស់លោក Lloyd Austin កាលពីល្ងាចថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

លោក Akar បានប្រាប់លោក Austin ថា កងទ័ពតួកគីកំណត់គោលដៅតែក្រុមភេរវករ ហើយមិនដែលកំណត់គោលដៅ កងកម្លាំងចម្រុះ ឬជនស៊ីវិលក្នុងអំឡុង ពេលប្រតិបត្តិការរបស់ខ្លួន នៅភាគខាងជើងប្រទេសស៊ីរីនោះទេ នេះបើយោងតាមការអាន របស់ក្រសួងការពារជាតិតួកគី សម្រាប់ការហៅទូរស័ព្ទ ។

មន្ទីរបញ្ចកោណបានឲ្យដឹងថា លោក Austin “បានសម្តែងការព្រួយបារម្ភ ចំពោះសកម្មភាពកើនឡើង នៅភាគខាងជើង ប្រទេសស៊ីរី និងតួកគី រួមទាំងការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ ដែលមួយចំនួន បានគំរាមកំហែង ដោយផ្ទាល់ដល់សុវត្ថិភាព របស់បុគ្គលិកអាមេរិក ដែលកំពុងធ្វើការជាមួយដៃគូ ក្នុងស្រុកនៅក្នុងប្រទេសស៊ីរី ដើម្បីកម្ចាត់ ក្រុមរដ្ឋអ៊ីស្លាម (IS)”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top