ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Politico៖ បារាំងសារភាពថា គ្មានអាវុធបញ្ជូន ទៅឱ្យអ៊ុយក្រែនទៀតទេ

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់ ប្រភពអនាមិកមួយថា ប្រទេសបារាំងបានសារភាពក្រៅផ្លូវការថា ខ្លួនមិនអាចផ្តល់ឱ្យអ៊ុយក្រែន នូវសព្វាវុធបន្ថែមទៀត បានទេ ដោយសារស្តុកក្នុងឃ្លាំងធ្លាក់ចុះ ប៉ុន្តែបានសន្យាថា នឹងបន្តជួយដល់ទីក្រុងគៀវ តាមមធ្យោបាយផ្សេងៗ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានបានផ្សាយនៅក្នុងសន្និសីទកាសែត Brussels Playbook របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា “លើសពីកំណត់ត្រា បារាំងបានសារភាពថា ពួកគេមិនអាចផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែនបានទេ ដោយសារស្ថានភាពនៃការផ្គត់ផ្គង់របស់ពួកគេ” ហើយថា ទីក្រុងប៉ារីស «សង្ឃឹមថានឹងបង្កើតវាសម្រាប់ជំនួយដល់ជនស៊ីវិល វិញ»។

ការដែលបារាំងលែងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននេះ បានកើតឡើងចំពេលមាន សេចក្តីរាយការណ៍ថា សមាជិកណាតូភាគច្រើន ក៏បានអស់សព្វាវុធ ដើម្បីផ្តល់ឲ្យអ៊ុយក្រែនផងដែរ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការបង្កើតជំនួយផ្នែកយោធា ប្រទេសបារាំងកំពុងស្វែងរកការរៀបចំ “ពិគ្រោះយោបល់សម្រាប់ភាពធន់ របស់អ៊ុយក្រែននៅខែនេះ” នេះបើយោងតាមរបាយការណ៍ ។ មុននេះ មេដឹកនាំលោកខាងលិច បានប្តេជ្ញាថា នឹងជួយដល់ទីក្រុងគៀវ ឱ្យរស់រានមានជីវិតក្នុងរដូវរងា ដោយប្រទេសមួយចំនួនបានត្រៀមអ្វីៗ គ្រប់យ៉ាងចាប់ពីភួយ រហូតដល់ម៉ាស៊ីនភ្លើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top