ព័ត៌មានអន្តរជាតិ

លោកពូទីន ប្រាប់លោក Scholzថា ការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន គឺជាការឆ្លើយតបចាំបាច់ មួយ ចំពោះការបំផ្លិចបំផ្លាញ របស់អ៊ុយក្រែន នៅលើដីរុស្ស៊ី រួមទាំងការទម្លាក់គ្រាប់បែកលើស្ពាន Crimean

បរទេស៖ ការវាយប្រហារដ៏ជាក់លាក់ របស់រុស្ស៊ីប្រឆាំងនឹង ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន គឺជាការឆ្លើយតបចាំបាច់មួយ ចំពោះការបំផ្លិចបំផ្លាញ របស់អ៊ុយក្រែន នៅលើដីរុស្ស៊ី រួមទាំងការទម្លាក់គ្រាប់បែកលើស្ពាន Crimean ផងដែរ, នេះបើតាមអ្វីដែល លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រាប់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំទាំងពីរ រុស្ស៊ី-អាល្លឺម៉ង់ បានពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ តាមសំណើរបស់ទីក្រុងប៊ែរឡាំង, នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវិមានក្រឹមឡាំង។

លោក ពូទីន បានពន្យល់អំពីតក្កវិជ្ជា នៅពីក្រោយប្រតិបត្តិការយោធា របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ហើយបាននិយាយថា គោលនយោបាយរបស់លោកខាងលិច នៃការបំពាក់អាវុធ និងការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែន គឺជា “ការបំផ្លិចបំផ្លាញ” ។

វិមានក្រឹមឡាំង បានឱ្យដឹងថា “វាត្រូវបានគេកត់សម្គាល់ឃើញថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបដិសេធមិនធ្វើការវាយប្រហារ ដោយមីស៊ីល ជាក់លាក់ លើគោលដៅជាក់លាក់ នៅក្នុងទឹកដីអ៊ុយក្រែន អស់រយៈពេលជាយូរមកហើយ ប៉ុន្តែឥឡូវនេះ វិធានការបែបនេះ បានក្លាយជាការចាំបាច់ និងមិនអាចជៀសវាងបាន ដែលជាប្រតិកម្ម ចំពោះការវាយប្រហារបង្កហេតុ របស់ទីក្រុងគៀវ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់រុស្ស៊ី រួមទាំងស្ពាន Crimean និងកន្លែងថាមពល។

លោកពូទីនបានប្រាប់មេដឹកនាំអាល្លឺម៉ង់ទៀតថា “ការវាយប្រហារភេរវកម្ម” ប្រឆាំងនឹងបំពង់បង្ហូរប្រេង ក្រោមបាតសមុទ្រ Nord Stream “ស្ថិតក្នុងប្រភេទដូចគ្នា” ហើយតម្រូវឱ្យមាន ការស៊ើបអង្កេត ប្រកបដោយតម្លាភាព ដែលនឹងរួមបញ្ចូលប្រទេសរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top