តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក រួមជាមួយនឹងបណ្តាប្រទេស លោកខាងលិច មួយចំនួនទៀត ពី “ការស្វែងរកភាពវឹកវរ” នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីបង្ខំឱ្យមានសម្បទាន របស់ខ្លួននៅក្នុងកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។
លោក Hossein Amir-Abdollahian បានធ្វើការចោទប្រកាន់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីស៊ែប៊ី Ivica Dacic បន្ទាប់ពីកិច្ចប្រជុំ របស់ពួកគេនៅរដ្ឋធានី Belgrade របស់ប្រទេសស៊ែប៊ី ។
លោកត្រូវបានដកស្រង់ ដោយទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ថា “យើងមិនអនុញ្ញាត ឱ្យនរណាម្នាក់ញុះញង់ឱ្យមានកុប្បកម្ម និងភេរវកម្មនៅក្នុងប្រទេស របស់យើងឡើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីនាង Mahsa Amini អាយុ ២២ឆ្នាំបានស្លាប់ នៅក្នុងមន្ទីរពេទ្យទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១៦ ខែកញ្ញា ប៉ុន្មានថ្ងៃបន្ទាប់ពីការឃុំខ្លួន របស់នាងនៅស្ថានីយ៍ប៉ូលីស ។ អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនផ្សេងទៀតថា “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ” នៅក្នុងប្រទេស ។
ថ្លែងពីការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell លោក Amir-Abdollahian បានលើកឡើងថា “មានតែកិច្ចព្រមព្រៀងយូរអង្វែង ដែលមានសមត្ថភាពការពារ ផលប្រយោជន៍ប្រជាជនអ៊ីរ៉ង់ នឹងមានតម្លៃសម្រាប់អ៊ីរ៉ង់”៕
ប្រែសម្រួល ឈូក បូរ៉ា