ព័ត៌មានអន្តរជាតិ

អ៊ីតាលី នៅតែពឹងផ្អែកលើ ឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទោះបីអឺរ៉ុបអំពាវនាវ សម្រាប់ការហាមឃាត់

បរទេស៖ ប្រទេសអ៊ីតាលីនៅតែពឹងផ្អែក លើឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដែលខ្លួននៅតែបន្តនាំចូល បើទោះបីជាមានការអំពាវនាវ នៅក្នុងសហភាពអឺរ៉ុបសម្រាប់ ការហាមឃាត់ក៏ដោយ, នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពល របស់អ៊ីតាលី លោក Gilberto Pichetto Fratin ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែតប្រចាំថ្ងៃ La Stampa លោក Gilberto Pichetto Fratin បាននិយាយថា ឧស្ម័ន ២៥០ លានម៉ែត្រគូប (mcm) បានចូលប្រទេសអ៊ីតាលីកាលពីថ្ងៃមុន រួមទាំង ៩០ លានម៉ែត្រគូប ពីប្រទេសអាល់ហ្សេរី ដែលបានក្លាយជា “អ្នកផ្គត់ផ្គង់សំខាន់” របស់ប្រទេស។

លោករដ្ឋមន្ត្រីបានបន្ថែមថា ៣០ លានម៉ែត្រគូប នៅតែមកពីប្រទេសរុស្ស៊ី ដោយបរិមាណប្រចាំថ្ងៃជាមធ្យម ពីប្រទេសដែលត្រូវបានដាក់ ទណ្ឌកម្មឈានដល់ប្រហែល ២០ លានម៉ែត្រគូប។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពលរបស់អ៊ីតាលីរូបនេះ បានប្រៀបធៀបផែនការផ្លាស់ប្តូរថាមពល របស់ប្រទេសអ៊ីតាលីទៅនឹង ផែនការ “បញ្ច្រាសនៃពេលវេលាដែលនាំ ឱ្យយើងត្រូវតែស្វែងរកនៅភាគខាងត្បូង សម្រាប់ឧស្ម័នដែលពីមុនមកពីភាគខាងជើង ហើយនាពេលអនាគតក៏អាចធ្វើឱ្យ ប្រទេសអ៊ីតាលីស្ថិតក្នុងទីតាំងមានប្រៀបជាង បណ្តាប្រទេសអឺរ៉ុបផ្សេងទៀត” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top