ព័ត៌មានអន្តរជាតិ

អាមេរិក និងរុស្ស៊ី ធ្វើការដោះដូរអ្នកទោសគ្នា នៅអាកាសយានដ្ឋាន ទីក្រុងអាប៊ូដាប៊ី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាលោក Viktor Bout ដែលជាជនជាតិរុស្សី និងអ្នកលេងបាល់បោះអាជីព ជនជាតិអាមេរិកនាង Brittney Griner កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ត្រូវបានធ្វើការដោះដូរគ្នា នៅឯអាកាសយានដ្ឋានទីក្រុងអាប៊ូដាប៊ី។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសរុស្សីហើយបានបញ្ជាក់ទៀតថា ខណៈដែលរដ្ឋាភិបាលវ៉ាស៊ិនតោន មិនព្រមធ្វើការពិភាក្សាអំពី ការដោះលែងលើកនេះ ប៉ុន្តែរុស្សីនៅតែបន្តធ្វើការងារ យ៉ាងសកម្មដើម្បីធ្វើការដោះលែង ក្រុមអ្នកទោសជនជាតិរុស្សីរបស់ខ្លួន។

គួរឲ្យដឹងដែរថានាង Griner ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមកថ្មីៗនេះ នៅពេលដែលនាង បានធ្វើដំណើរមកដល់ ទីក្រុងមូស្គូហើយត្រូវបានតុលាការ ចាប់ឃាត់ខ្លួននិងបញ្ចូនទៅ កាត់ទោសឲ្យជាប់គុករយៈពេល៩ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។

ចំណែកឯលោក Bout ដែលត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងទីក្រុងបាងកក កាលពីឆ្នាំ២០០៨ ត្រូវបានតុលាការអាមេរិក ចោទប្រកាន់ពីបទលក់អាវុធ ទៅឲ្យក្រុមភេវរកម្មបរទេស ហើយត្រូវបានធ្វើបត្យាប័ណ បញ្ចូនទៅឲ្យអាមេរិក កាលពីឆ្នាំ២០១០ និងត្រូវទទួលទោសរយៈពេល ២៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ១៥លានដុល្លារ នៅក្នុងឆ្នាំ២០១២ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top