ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ទំនាក់ទំនងរវាងចិន និងអារ៉ាប៊ីសាអ៊ូឌីត ដែលមានភាពកាន់តែស៊ីជម្រៅ ឥតឈប់ឈរ វាមិនត្រឹមតែសមស្រប នឹងផលប្រយោជន៍ អភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ការគាំពារសន្តិភាព និងស្ថិរភាព នៃពិភពលោកផងដែរ

កាលពីថ្ងៃទី៨ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលគាល់ព្រះបាទ Salman bin Abdul Aziz Al Saud ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅព្រះបរមរាជវាំងក្នុងទីក្រុងរីយ៉ាត ព្រមទាំងជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតផងដែរ ។ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមអំពីការជំរុញឱ្យទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិន និងអារ៉ាប៊ីសាអ៊ូឌីត ទទួលបានការអភិវឌ្ឍកាន់តែធំ ។ និពន្ធនាយកនៃ«កាសែតរីយ៉ាត»របស់អារ៉ាប៊ីសាអ៊ូឌីតបានចុះផ្សាយបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចលើកនេះ មុខជានឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងចិន និងអារ៉ាប៊ីសាអ៊ូឌីត ឡើងដល់កម្រិតថ្មីថែមទៀត ដើម្បីត្រួសត្រាយអនាគតកាន់តែភ្លឺស្វាងសម្រាប់ទំនាក់ទំនងរវាង អារ៉ាប៊ីសាអ៊ូឌីតនិងចិន ។

បច្ចុប្បន្ននេះ ស្ថានភាពប្រែប្រួលដែលមិនធ្លាប់មានក្នុងរយៈពេល១សតវត្សរ៍កន្លងមក បន្តវិវឌ្ឍយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចពិភពលោក ខ្វះកម្លាំងស្តារឡើងវិញ ។ ប្រទេសប៉ែកខាងលិចមួយចំនួនអនុវត្ត ឯកតោភាគីនិយម និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ដែលបានធ្វើឱ្យស្ថានការណ៍ភូមិសាស្ត្រនយោបាយ មានភាពកាន់តែតានតឹង ។ ក្នុងស្ថានការណ៍ថ្មីនេះ ភាគីទាំងពីរធ្វើឱ្យទំនុកចិត្ត ខាងនយោបាយគ្នាទៅវិញទៅមក មានភាពកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការ ខាងសេដ្ឋកិច្ច និងបង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍អភិវឌ្ឍន៍ របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ការគាំពារសន្តិភាព និងស្ថិរភាពនៃពិភពលោកផងដែរ ។

 “ផលប្រយោជន៍របស់ភាគីចិន ក៏ជាផលប្រយោជន៍របស់ភាគីអារ៉ាប៊ីសាអ៊ូឌីតដែរ ។” ការសម្តែងអាកប្បកិរិយា របស់ព្រះបាទ Salman ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បែបនេះបានទាក់ទាញការយកចិត្តទុកដាក់ របស់ប្រព័ន្ធសារព័ត៌មានជាច្រើន ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ភាគីទាំងពីរចិននិងអារ៉ាប៊ីសាអ៊ូឌីត សុទ្ធតែបានបង្ហាញពីការគាំទ្រ ខាងនយោបាយយ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក ។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះអារ៉ាប៊ីសាអ៊ូឌីតក្នុងការបន្តដើរតាមផ្លូវ អភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ។ ព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះភាគីចិនដោយប្រើ “ការគាំទ្រយ៉ាងមុតមាំ”ចំនួនបីនិង “ការប្រឆាំងជាដាច់ខាត”ចំនួនមួយ ។ ក្នុងបរិបទដែលស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិមានភាពបម្រែបម្រួល យ៉ាងខ្លាំងនិងស្មុគ្រស្មាញនាពេលបច្ចុប្បន្ន ចិននិងអារ៉ាប៊ីសាអ៊ូឌីតបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធ ដល់ផលប្រយោជន៍ជាស្នូលរៀងខ្លួន ដើម្បីផ្តល់ការការពារ និងធានាដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអារ៉ាប៊ីសាអ៊ូឌីតក្នុងយុគសម័យថ្មី ។

ចំណងមិត្តភាពរវាងចិន និងអារ៉ាប៊ីសាអ៊ូឌីត មានភាពកាន់តែស៊ីជម្រៅ ក៏ត្រូវការកម្លាំងចលករក្នុងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែរ ។ ក្នុងបរិបទដែលជំងឺកូវីដ១៩បានរីករាលដាល នៅទូទាំងពិភពលោក ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងអារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំ២០២១ នៅតែកើនឡើង៣០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ ដែលបានបង្ហាញយ៉ាងពេញលេញនូវភាពធន់ នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ។ ពេលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ភាគីចិនគាំទ្រគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ដ៏សំខាន់មួយចំនួន ដូចជា “ទស្សនទានឆ្នាំ២០៣០”និង “មជ្ឈិមបូព៌ាបៃតង”ជាដើមរបស់ភាគីអារ៉ាប៊ីសាអ៊ូឌីត ហើយគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែអនុវត្តឱ្យបានល្អនូវការតភ្ជាប់គ្នារវាងគំនិត ផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និង “ទស្សនទានឆ្នាំ២០៣០”របស់អារ៉ាប៊ីសាអ៊ូឌីត ។ នេះបានចង្អុលបង្ហាញ នូវទិសដៅសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិននិងអារ៉ាប៊ីសាអ៊ូឌីត ។

យើងមានហេតុផលជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ រវាងចិន និងអារ៉ាប៊ីសាអ៊ូឌីតដែលមានភាពកាន់តែស៊ីជម្រៅឥតឈប់ឈរ នឹងនាំមកនូវក្តីសង្ឃឹមកាន់តែល្អបវរដល់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំក្នុងការគាំពារ សន្តិភាពនិងស្ថិរភាពនៃមជ្ឈិមបូព៌ានិងជំរុញការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក ៕

To Top