ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ពួតដៃគ្នា រួមគ្នាបើកទំព័រថ្មីនៃកិច្ចសហប្រតិបតិ្តការ រវាងចិន និងបណ្តាប្រទេសអារ៉ាប់ ឈូងសមុទ្រ

ថ្ងៃទី៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ដែលបើកធ្វើនៅក្រុងរីយ៉ាត រាជធានីអារ៉ាប់ប៊ីសាអ៊ូឌីត  ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះផងដែរ ។ កិច្ចប្រជុំកំពូលលើកនេះជាកិច្ចប្រជុំ លើកដំបូងរវាងអ្នកដឹកនាំចិននិងរដ្ឋសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ ក្នុងន័យរួមគ្នាពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបតិ្តការរវាងចិន និងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ ភាគីទាំងពីរបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ នេះគឺជាលទ្ធផលជាផ្លែផ្កា ដែលមាននិមិត្តសញ្ញាបំផុតនៃកិច្ចប្រជុំកំពូលលើកនេះ ដែលបានត្រួសត្រាយដំណាក់កាលថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងចិន និងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ ។

បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ សេដ្ឋកិច្ចសកលមានភាពថមថយចុះ កាន់តែលេចធ្លោ ជាពិសេស សន្តិសុខខាងស្បៀងអាហារ និងថាមពលបានរំខានដល់ពិភពលោកទាំងមូល ។ ដូច្នេះ ភាគីទាំងបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ដើម្បីនាំមកនូវឱកាសថ្មីដល់ការអភិវឌ្ឍរៀងៗខ្លួន ក៏ដូចជាសន្តិភាពនិងវឌ្ឍនភាព របស់ពិភពលោកផងដែរ ។

តើចិន និងប្រទេសអារ៉ាប់ឈូងសមុទ្រ នឹងធ្វើជាដៃគូយុទ្ធសាស្ត្របែបណា ? ទាក់ទិននឹងរឿងនេះ លោក Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើម៤ចំណុច ពោលគឺធ្វើជាដៃគូរួមគ្នាជំរុញសាមគ្គីភាព រួមគ្នាស្វែងរកការអភិវឌ្ឍ  រួមគ្នាគាំពារសន្តិសុខ និងរួមគ្នាផ្សព្វផ្សាយអរិយធម៌ ។ គំនិតផ្តួចផ្តើម៤ចំណុចនេះ បានផ្តោតសំខាន់លើទំនុកចិត្តគ្នាខាងនយោបាយផង ហើយក៏ផ្តោតសំខាន់លើប្រធានបទ ស្តីពីការអភិវឌ្ឍនិងសន្តិសុខផងដែរ  ដោយឈរលើមុំរួមចំណែក ដល់វឌ្ឍនភាព និងអរិយធម៌របស់មនុស្សជាតិ ដែលបានចង្អុលបង្ហាញពីទិសដៅ នៃការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងប្រទេសអារ៉ាប់ឈូងសមុទ្រ ។

ជាបន្តទៀត  តើចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ នឹងជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្តែង តាមរបៀបយ៉ាងណា? ក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលពី៣ ដល់៥ឆ្នាំខាងមុខ ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រ ធ្វើកិច្ចខិតខំប្រឹងប្រែងលើវិស័យដូចតទៅ ៖ បង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបតិ្តការថាមពល ជំរុញការវិវឌ្ឍរីកចម្រើនថ្មី នៃកិច្ចសហប្រតិបតិ្តការហិរញ្ញវត្ថុនិងវិនិយោគ ត្រួសត្រាយវិស័យថ្មីនៃកិច្ចសហប្រតិបតិ្តការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សម្រេចបាននូវការវាយទម្លុះថ្មីលើកិច្ចសហប្រតិបតិ្តការអវកាស និងបង្កើតចំណុចលេចធ្លោថ្មីនៃកិច្ចសហប្រតិបតិ្តការលើវិស័យភាសានិងវប្បធម៌ ។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping បានលើកឡើងថា ប្រទេសចិននឹងបន្តនាំចូលប្រេងកាត និងឧស្ម័នធម្មជាតិរាវពីប្រទេសអារ៉ាប់ឈូងសមុទ្រជាបន្តបន្ទាប់  ព្រមពេលជាមួយគ្នានេះ លោកក៏បានលើកឡើងថា នឹងបង្កើតនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកទេសថាមពលស្អាត និងកាបូនទាប ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រ ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យធំនិង cloud computing  បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកទេស ៥Gនិង៦G ជាដើម ប្រការនេះមិនត្រឹមតែបានគ្រោងទិសដៅ នៃកិច្ចសហប្រតិបតិ្តការថាមពលក្នុងដំណាក់កាលថ្មី នៃទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់កិច្ចសហប្រតិបតិ្តការផ្នែកបច្ចេកទេស ខ្ពស់រវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រឡើងដល់កម្រិតថ្មី ព្រមទាំងបាននាំមកនូវកម្លាំងចលករថ្មីដល់សេដ្ឋកិច្ច និងសង្គមរបស់ភាគីទាំងពីរផងដែរ  ។

សុភាសិតអារ៉ាប់មួយបានលើកឡើងថា “ដើរដោយខ្លួនឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ ” រីឯប្រជាជនចិនក៏តែងតែនិយាយថា “មានមិត្តភក្តិច្រើននឹងដើរតាមផ្លូវកាន់តែរលូន ” ។ ឈរនៅទីចាប់ផ្តើមថ្មីក្នុងប្រវតិ្តសាស្ត្រ ទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ពិតជានឹងមានភាពរស់រវើកកាន់តែខ្លាំងជាមិនខាន ៕

To Top