ព័ត៌មានអន្តរជាតិ

អាមេរិក ​គូសបញ្ជាក់សាជាថ្មី​ អំពីដែនកំណត់របស់អ៊ុយក្រែន ដែលអាចវាយប្រហារចូលទឹកដីរុស្សី

បរទេស៖ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិ សន្តិសុខរបស់អាមេរិក លោក John Kirby កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ ABC ថាសហរដ្ឋអាមេរិក បានធ្វើការដាក់ការកំណត់យ៉ាងច្បាស់រួចហើយ ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងការវាយប្រហារ ទៅលើប្រទេសរុស្សី។

សេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើង ដើម្បីជាការឆ្លើយតបនិងបញ្ជាក់បន្ថែម ទៅលើការលើកឡើងរបស់លោក Aleksey Danilov ដែលជាប្រធានក្រុមប្រឹក្សាជាតិសន្តិសុខ និងការពារជាតិរបស់ប្រទេសអ៊ុយក្រែន ដែលបានអះអាងកាលពីថ្ងៃសៅរ៍ កន្លងមកហើយថា រដ្ឋាភិបាលទីក្រុងគៀវ នឹងមិនបដិសេធទេថា នឹងមិនវាយប្រហារទៅដល់ដែនដីខាងក្នុង របស់ប្រទេសរុស្សី។

លោក Kirby បានបន្តពន្យល់ថា៖ ពួកយើងមិនបានលើកទឹកចិត្តឬអនុញ្ញាតិ ឲ្យមានការប្រើប្រាស់អាវុធ និងប្រតិបត្តិការយោធាដោយអ៊ុយក្រែន ចូលទៅក្នុងទឹកដីរបស់រុស្សីជាដាច់ខាត។ ពួកយើងគ្រាន់តែព្យាយាម ក្នុងការធានាឲ្យបានថាអ៊ុយក្រែន គឺមានលទ្ធភាព ក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន និងអាចទទួលជ័យជំនះត្រឡប់យកទឹកដីរបស់ពួកគេ មកកាន់កាប់វិញតែប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top