ព័ត៌មានអន្តរជាតិ

ចិន សរសើរសេចក្តីសម្រេចរបស់ WTO លើករណីពន្ធអាមេរិក និងជំរុញឲ្យក្រុងវ៉ាស៊ីនតោន កែប្រែកំហុសឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន បានសាទរចំពោះសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលថាពន្ធផ្នែកទី២៣២ របស់សហរដ្ឋអាមេរិកលើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់ចិន គឺបំពានច្បាប់របស់ WTO ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ហៅ​ការ​សម្រេច​ដោយ​ក្រុម​អ្នក​ជំនាញ​របស់ អង្គការពាណិជ្ជកម្មពិភពលោក WTO ថា​ជា​កម្មវត្ថុ​និង​យុត្តិធម៌ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សហរដ្ឋអាមេរិក បានដាក់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសមាជិក WTO មួយចំនួនក្នុងនាម “សន្តិសុខជាតិ” ចាប់តាំងពីឆ្នាំ២០១៨ មក។ សកម្មភាពបែបនេះ គឺជាការអនុវត្តនៃលទ្ធិឯកតោភាគី និងការការពារនិយម ហើយបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការជួញដូរពហុភាគីដែលផ្អែកលើច្បាប់។

អ្នកនាំពាក្យរូបនេះបានបន្ដថា សកម្មភាពទាំងនេះមិនត្រឹមតែប្រឆាំងដោយសមាជិក WTO ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរិះគន់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក។ នោះបានបង្ហាញថា ឃ្លាលើកលែងសន្តិសុខរបស់ WTO មិនមែនជា “ជម្រក” សម្រាប់ឯកតោភាគីនិយម និងលទ្ធិគាំពារនិយមនោះទេ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិនសង្ឃឹមថា ភាគីអាមេរិកនឹងគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអ្នកជំនាញ WTO និងអនុវត្តតាមច្បាប់របស់ WTO កែតម្រូវកំហុសរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើការជាមួយប្រទេសចិន និងសមាជិក WTO ដទៃទៀតដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕


ប្រែសម្រួល ឈូក បូរ៉ា

To Top