ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល សារភាពថា បានបាញ់ច្រឡំស្លាប់នារីវ័យក្មេង ជនជាតិប៉ាឡេស្ទីនម្នាក់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានសារភាពថាកំហុសបច្ចេកទេស បានធ្វើឲ្យកងកម្លាំងរបស់ខ្លួន ដែលកំពុងប្រយុទ្ធជាមួយនឹង ក្រុមឧទ្ទាមប្រយុទ្ធបែរជាបានបាញ់សម្លាប់ នារីវ័យក្មេងជនជាតិប៉ាឡេស្ទីនម្នាក់អាយុ១៦ឆ្នាំ ទៅវិញនៅក្នុងតំបន់ West Bank។

សាកសាពរបស់នាង Jana Zakarneh ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើដំបូលផ្ទះរបស់នាង នៅក្នុងតំបន់ Jenin បន្ទាប់ពីហេតុការណ៍បាញ់ប្រហារ កាលពីយប់ថ្ងៃអាទិត្យរួចមកហើយ នាយករដ្ឋមន្ត្រីប៉ាឡេស៊ីន បានចោទប្រកាន់ថាអ៊ីស្រាអ៊ែលបានសម្លាប់ក្មេងស្រីម្នាក់ នៅក្នុងភាពជាមនុស្សដៃត្រជាក់បំផុត។

គួរឲ្យដឹងដែរថានាង Zakarneh បានក្លាយទៅជាជនប៉ាឡេស្ទីន ដែលមានវ័យក្មេងជាងគេបំផុត ត្រូវបានសម្លាប់នៅក្នុងឆ្នាំនេះ គិតចាប់តាំងតែពីសង្គ្រាម បង្ហូរឈាមគ្នានៅក្នុងតំបន់ West Bank តាំងតែពីឆ្នាំ២០០៥មក។

ហេតុការណ៍បាញ់ប្រហារ រវាងកងកម្លាំងអ៊ីស្រាអ៊ែល ជាមួយនឹងក្រុមឧទ្ទាម បានកើតឡើងនៅក្បែរទីតាំងផ្ទះ ដែលនាងរស់នៅហើយបើយោងតាម ការបញ្ជាក់របស់សាក្សីបានឲ្យដឹងថា ក្រុមយោធាបានប្រើប្រាស់កាំភ្លើង sniper បាញ់សម្លាប់នារីវ័យក្មេងនេះភ្លាមៗក្រោយពេលដែលនាង បានព្យាយាមឡើងទៅដំបូលផ្ទះ ដើម្បីយកឆ្មារបស់នាងចុះមកក្រោយវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top