ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើករុស្ស៊ី ចូលវាយប្រហារអ៊ុយក្រែនដល់ក្នុងទីក្រុងគៀវ

បរទេស៖ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kirill Timoshenko បាននិយាយថា អគាររដ្ឋាភិបាលចំនួនពីរត្រូវបានខូចខាតដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនៅក្នុងទីក្រុងគៀវកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Sergey Popko ដែលជាប្រធានរដ្ឋបាលយោធារបស់អ៊ុយក្រែន គឺ ទីក្រុងគៀវត្រូវបានរងការវាយប្រហារដោយ “រលកនៃការវាយប្រហារពីរដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវ” ក្នុងអំឡុងពេលដែលយន្តហោះគ្មានមនុស្សបើក UAVs ចំនួន ១៣គ្រឿង ត្រូវបានបំផ្លាញដោយកងកម្លាំងការពារដែនអាកាស។

លោក Popko បាននិយាយថា “ផ្នែកខ្លះនៃយន្តហោះគ្មានមនុស្សបើកបានធ្លាក់បានបុកអគាររដ្ឋបាលមួយ ខណៈអគារលំនៅដ្ឋានចំនួន៤ ក៏ត្រូវបានខូចខាតបន្តិចបន្តួចផងដែរ” ។ លោក​បាន​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ។

ក្រសួងការពារជាតិរុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ។ ទីក្រុងមូស្គូបានបង្កើនការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្រសួងការពារជាតិបាននិយាយថា ខ្លួនកំណត់គោលដៅតែទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធា ដូចជាការផ្តល់ថាមពលដល់ការដឹកជញ្ជូនកងទ័ព និងផ្នែករឹងទៅខាងមុខ៕

សម្រួលៈ ណៃ តុលា

To Top