ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ អង្រួននៅតំបន់ឆ្នេរ ខាងកើត នៃកោះតៃវ៉ាន់

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថា ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ ភាគខាងកើតរបស់កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការរញ្ជួយដីស្រាល ជាងមុនជាច្រើនលើក នៅក្នុងរដ្ឋធានីតៃប៉ិ ។

គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅពាក់កណ្តាលថ្ងៃត្រង់ ត្រូវនឹងម៉ោង១២យប់ ម៉ោងនៅសិង្ហបុរី ចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃតំបន់ Hualien ក្នុងជម្រៅរាក់៦គីឡូម៉ែត្រ ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានរាយការណ៍ពីកម្រិតទាបជាង៥,៩រ៉ិចទ័រ និងជម្រៅ១២គីឡូម៉ែត្រ ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ភ្លាមៗ អំពីការខូចខាត ឬអ្នករងរបួសនោះទេ ។

លោក Chen Kuo-chang ប្រធានមជ្ឈមណ្ឌលរញ្ជួយដី របស់ការិយាល័យអាកាសធាតុ បានប្រាប់ដល់អ្នកយកព័ត៌មានថា” គ្រោះរញ្ជួយដីនេះ ត្រូវបានទទួលអារម្មណ៍ពាសពេញ កោះតៃវ៉ាន់ព្រោះវារាក់ខ្លាំង” ។

“រហូតមកដល់ពេលនេះ មានគ្រោះរញ្ជួយដីចំនួន៨លើក ហើយយើងរំពឹងថា នឹងមានគ្រោះរញ្ជួយដីបន្ថែមទៀតក្នុងរយៈពេល៣ថ្ងៃខាងមុខ” ។

អ្នកយកព័ត៌មានមកពីទីភ្នាក់ងារ AFP នៅទីក្រុងតៃប៉ិ បានលើកឡើងថា គ្រោះរញ្ជួយដីនៅក្នុងរដ្ឋធានី មានអារម្មណ៍តិចជាងគ្រោះ រញ្ជួយដីមុនៗនៅក្នុងឆ្នាំនេះ ៕

To Top