ព័ត៌មានអន្តរជាតិ

OPEC+ រក្សានយោបាយ ចេញពីការសម្រេចចិត្ត ខណៈប្រេងបន្ដឡើងថ្លៃ

រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលត្រូវបានគេស្គាល់ថាជា OPEC+ រក្សានយោបាយចេញពីដំណើរការ ធ្វើការសម្រេចចិត្តរបស់ខ្លួន។

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman bin Abdulaziz Al Saud បានមានបន្ទូលថា ការសម្រេចចិត្តរបស់អង្គការ OPEC+ គឺផ្អែកលើការវាយតម្លៃ និងការព្យាករណ៍ ក៏ដូចជាផ្តោតលើមូលដ្ឋានគ្រឹះទីផ្សារផងដែរ។

ព្រះអង្គម្ចាស់ Abdulaziz បានមានបន្ទូលបន្ដថា នៅពេលចាប់ផ្តើម នៃវិបត្តិអ៊ុយក្រែន អ្នកខ្លះបានព្យាករណ៍ពីការបាត់បង់ ការផ្គត់ផ្គង់ប្រេងយ៉ាងសំខាន់ជាង ៣ លានបារ៉ែលជារៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យមានការភ័យស្លន់ស្លោ និងការស្តីបន្ទោសលើ OPEC + ចំពោះការមិនឆ្លើយតប ទៅនឹងវិបត្តិក្នុងលក្ខណៈទាន់ពេលវេលា ប៉ុន្តែការខាតបង់ដែលបានគ្រោងទុកទាំងនេះ មិនបានសម្រេចទេ។

អំពីការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការកាត់បន្ថយទិន្នផល នៅក្នុងខែតុលា ព្រះអង្គបានបន្ថែមថា វាគឺជាជម្រើសដ៏ត្រឹមត្រូវមួយសម្រាប់គាំទ្រ ដល់ស្ថិរភាពនៃទីផ្សារប្រេង បើទោះបីជាវាត្រូវបានរិះគន់ថា ជាកត្តាជំរុញផ្នែកនយោបាយ និងប្រថុយប្រថាន ជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ ក្នុងវិបត្តិសេដ្ឋកិច្ចក៏ដោយ។

ព្រះអង្គបាន​បន្ត​ថា ការ​ធ្វើ​នយោបាយ​ស្ថិតិ និង​ការ​ព្យាករ និង​ប្រើ​វា​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ដល់​អង្គការ OPEC+ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ញាប់ញ័រ និង​បង្កើត​ភាព​ច្របូកច្របល់​ក្នុង​ទីផ្សារ។

រដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតបាននិយាយថា ប្រសិនបើវាមិនមែនសម្រាប់វិធីសាស្រ្តសកម្ម និងជំហានមុនដែលអង្គការ OPEC+ បានអនុម័តទេនោះ ភាពរង្គោះរង្គើទីផ្សារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងបង្កើតការបំផ្លិចបំផ្លាញ ដល់ទីផ្សារប្រេង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top