ព័ត៌មានអន្តរជាតិ

WTO៖ ការហាមឃាត់របស់អាមេរិក លើស្លាក “ផលិតនៅហុងកុង” ពិតជាបំពានលើច្បាប់ពាណិជ្ជកម្មអន្ដរជាតិ

ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេចថា សហរដ្ឋអាមេរិក កំពុងបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដោយតម្រូវឱ្យផលិតផលហុងកុង ត្រូវបានដាក់ស្លាកថា “ផលិតក្នុងប្រទេសចិន”។

ក្រុមប្រឹក្សាវិវាទ WTO បានឲ្យដឹងថា តម្រូវការសម្គាល់ប្រភពដើម របស់សហរដ្ឋអាមេរិក បានរំលោភលើកាតព្វកិច្ចរបស់ប្រទេស ក្រោមច្បាប់របស់ស្ថាប័នពាណិជ្ជកម្ម ដោយបានច្រានចោលការអះអាង របស់ទីក្រុងវ៉ាស៊ីនតោន ដែលថា ផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន អនុញ្ញាតសម្រាប់ការដាក់ស្លាកបែបនេះ។

ក្រុមប្រឹក្សានេះបានឲ្យដឹងថា វាមិនបង្កើតជា “ភាពអាសន្នក្នុងទំនាក់ទំនងអន្តរជាតិ” ហើយថាច្បាប់ដាក់ស្លាករបស់សហរដ្ឋអាមេរិក រើសអើងប្រឆាំងនឹងផលិតផល ដែលផលិតនៅហុងកុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ សហរដ្ឋអាមេរិក បានទាមទារប្រភពដើម នៃផលិតផលហុងកុងដែលនាំចេញ ទៅសហរដ្ឋអាមេរិក គួរតែត្រូវបានដាក់ស្លាកថា “ផលិតក្នុងប្រទេសចិន” ។ បច្ចុប្បន្ននេះប្រភពដើម នៃផលិតផលនាំចេញហុងកុង ត្រូវបានសម្គាល់ថា “ហុងកុង” ដោយសារហុងកុង ជាសមាជិកដាច់ដោយឡែកនៃ WTO និងទទួលបានឋានៈពិសេស ជាទឹកដីគយដាច់ដោយឡែកក្រោម “ប្រទេសមួយ ប្រព័ន្ធពីរ” ។

រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានស្វាគមន៍ ចំពោះសេចក្តីសម្រេចនេះ។ លោក Algernon Yau លេខាធិការទទួលបន្ទុកពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានឲ្យដឹងថា សេចក្តីសម្រេចនេះ បានបញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកបានមិនគោរពច្បាប់ ពាណិជ្ជកម្មអន្តរជាតិ ប៉ុនប៉ងដាក់លក្ខខណ្ឌរើសអើង និងអយុត្តិធម៌ជាឯកតោភាគី គាបសង្កត់ផលិតផល និងសហគ្រាសហុងកុង ដោយមិនសមហេតុផល និងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មនយោបាយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top