ព័ត៌មានអន្តរជាតិ

រុស្សី៖ ដំណើរទស្សនកិច្ចលោក Zelensky ទៅអាមេរិកបង្ហាញថា ពួកគេមិនចង់បានសន្តិភាពឡើយ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីបានធ្វើការរិះគន់ខ្លាំងៗ ទៅលើដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ទៅកាន៉ទីក្រុងវ៉ាស៊ិនតោនថា គឺជាអ្វីដែលរដ្ឋាភិបាលអាមេរិក កំពុងបានប្រើប្រាស់អ៊ុយក្រែន ជាកូនអុកដើម្បីប្រយុទ្ធប្រឆាំង មកលើប្រទេសរុស្សីប៉ុណ្ណោះ។

ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងឱកាសនៃជំនួបពិភាក្សា ជាមួយនឹងលោក Zelenksy បានប្រកាសសន្យាផ្តល់កញ្ចប់ប្រាក់ ជំនួយបន្ថែមភ្លាមដល់ទៅ១,៨៥ពាន់លានដុល្លារ គឺជាជំនួយយោធាសុទ្ធសាធ ដែលក្នុងរួមទាំងមីស៊ីល ប្រភេទទំនើបៗថ្មីៗផង។

ជាការឆ្លើយតបភ្លាមៗអគ្គរដ្ឋទូតរុស្សី ប្រចាំនៅអាមេរិក បានធ្វើការប្រតិកម្មទៅនឹងការប្រកាសនេះ ដោយលើកឡើងថាជាសកម្មភាពបង្កហេតុ ដែលវានឹងនាំឲ្យទៅដល់ការប្រឈមមុខដាក់គ្នា កាន់តែធ្ងន់ធ្ងរនិងយូរឡើងជាមិនខាន។

រដ្ឋាភិបាលក្រុងមូស្គូក៏បានរិះគន់ទៀតដែរថា កិច្ចប្រជុំពិភាក្សាទាំងមូលរវាងមេដឹកនាំទាំងពីរ ប៉ុន្តែមិនមានប្រធានបទ ដែលនឹងនិយាយអំពីដំណើរការសន្តិភាព សម្រាប់ជម្លោះនេះឡើយហើយអ្នកនាំពាក្យ របស់វិមានក្រមឡាំងបានថ្លែងថាអាមេរិក បានប្រើប្រាស់អ៊ុយក្រែន គ្រាន់តែជាឧបករណ៍មួយ ដើម្បីធ្វើសង្គ្រាមដែលខ្លួនមិនចូលរួម ពាក់ព័ន្ធឬហៅថា Proxy War ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top