ព័ត៌មានអន្តរជាតិ

Update៖ អាមេរិក ចោទកូរ៉េខាងជើង ថាបានផ្គត់ផ្គង់មីស៊ីលដល់រុស្ស៊ី

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្គត់ផ្គង់មីស៊ីល និងគ្រាប់រ៉ុក្កែតនៅក្នុងសមរភូមិ ដល់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ។

សេតវិមានបានឲ្យដឹងថា ការដឹកជញ្ជូននេះបានរំលោភលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយថា ខ្លួននឹងប្រកាសដាក់ទណ្ឌកម្ម បន្ថែមទៀតលើក្រុម Wagner ។

ទាំងកូរ៉េខាងជើង និងក្រុម Wagner បានបដិសេធពីរបាយការណ៍មួយនេះ ។

រដ្ឋាភិបាលចក្រភពអង់គ្លេស ឲ្យដឹងថា អ្នកប្រយុទ្ធមកពីក្រុមទាហានស៊ីឈ្នួល បានបាញ់ផ្លោងដោយសម្លាប់មនុស្សពី ១.០០០ទៅជិត២ម៉ឺននាក់ ក្នុងប្រទេសអ៊ុយក្រែន ។

ក្រុមនេះក៏បានធ្វើសកម្មភាពនាពេលថ្មីៗនេះ នៅក្នុងប្រទេសស៊ីរី និងអាហ្វ្រិក ហើយត្រូវបានចោទប្រកាន់ ម្តងហើយម្តងទៀត ពីឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្ស ។

អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានប្រាប់ដល់អ្នកយកព័ត៌មានថា “ក្រុម Wagner កំពុងស្វែងរកនៅជុំវិញពិភពលោក សម្រាប់អ្នកផ្គត់ផ្គង់អាវុធដើម្បីគាំទ្រ ដល់ប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន” ។

លោកបានឲ្យដឹងថា “យើងអាចបញ្ជាក់បានថា ប្រទេសកូរ៉េខាងជើង បានបញ្ចប់ការប្រគល់អាវុធដំបូងទៅឱ្យក្រុម Wagner ដែលបានចំណាយសម្រាប់ឧបករណ៍នោះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top