ព័ត៌មានអន្តរជាតិ

Update៖ ព្យុះរដូវរងា នៅសហរដ្ឋអាមេរិក បានសម្លាប់មនុស្សរហូតដល់ ៥៧នាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ថា ព្យុះរដូវរងាដ៏ធំមួយ ដែលលាតសន្ធឹងពី Great Lakes រហូតមកដល់ទីក្រុង Rio Grande តាមបណ្តោយព្រំដែននៃប្រទេសម៉ិកស៊ិក បានសម្លាប់មនុស្សយ៉ាងតិចបំផុតចំនួន ៥៧នាក់ នៅទូទាំងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃចន្ទ។ នេះបើយោងតាមការបូកសរុបរបស់ សារព័ត៌មាន NBC បានផ្សព្វផ្សាយដូច្នេះ ។

យោងតាមរបាយការណ៍របស់សារព័ត៌មាន NBC បានឱ្យដឹងថា ការស្លាប់ដែលទាក់ទងនឹងព្យុះ ត្រូវបានកត់ត្រានៅក្នុងរដ្ឋចំនួន១២ រួមទាំងរដ្ឋ Colorado រដ្ឋ Illinois រដ្ឋ Kansas រដ្ឋ Kentucky រដ្ឋ Michigan រដ្ឋ Missouri រដ្ឋ Nebraska ទីក្រុង New York រដ្ឋ Ohio រដ្ឋ Oklahoma រដ្ឋ Tennessee និង Wisconsin ។

នាយកប្រតិបត្តិតំបន់ លោក Mark Poloncarz បានលើកឡើងនៅក្នុងសន្និសីទខ្លី មួយកាលពីថ្ងៃចន្ទថា ព្យុះរដូវរងា និងព្យុះទឹកកកនៅមុន និងអំឡុងពេលបុណ្យណូអែល បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧នាក់ បានស្លាប់នៅក្នុងតំបន់ Erie ភាគខាងលិចនៃរដ្ឋញ៉ូវយ៉ក ។

លោក Poloncarz បានបញ្ជាក់ថា “នេះគឺជាស្ថានភាពដ៏អាក្រក់មួយ ។ ភាពសាហាវនៃព្យុះនេះ គឺអាក្រក់ជាងព្យុះភ្លៀងឆ្នាំ៧៧ ហើយឥឡូវនេះវាហាក់ដូចជាអាចដឹងថា យើងមានអ្នកស្លាប់កាន់តែច្រើននៅទូទាំងស្រុក” ដោយបន្ថែមថា ព្រិលដែលធ្នាក់មកគឺមានកម្រិតខ្ពស់ ដែលធ្វើឲ្យមានការខិតខំប្រឹងប្រែងជួយសង្គ្រោះ និងត្រូវធ្វើការទប់ស្កាត់ ។

យោងតាមមជ្ឈមណ្ឌលអាកាសធាតុ ភូមិភាគឦសានបានឱ្យដឹងថា ព្យុះឆ្នាំ១៩៧៧ ត្រូវបានគេហៅថា “Blizzard That Buried Buffalo” ដែលក្នុងនោះមនុស្សចំនួន ២៩នាក់បានស្លាប់ ភាគច្រើននៃពួកគេជាប់នៅក្នុង យានជំនិះរបស់ពួកគេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top