ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង ច្រឡំហ្វូងសត្វស្លាបថា ជាយន្តហោះ គ្មានមនុស្សបើក ក្រោយការលុកលុយ ចូលរបស់ដ្រូន កូរ៉េខាងជើងរួចមក

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តី របស់អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង (JCS) ថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់ពង្រាយ យន្តហោះយោធា និងឧទ្ធម្ភាគចក្រវាយប្រហារ ដើម្បីដេញ តាមហ្វូងសត្វស្លាប ដែលត្រូវបានគេយល់ច្រឡំថា ជាយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី យន្តហោះគ្មានមនុស្សបើក (UAVs) កូរ៉េខាងជើងចំនួន ៥គ្រឿង ត្រូវបានគេរាយការណ៍ថា បានឆ្លងចូលទៅក្នុងទឹកដី របស់កូរ៉េខាងត្បូង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង គឺយោធាបានជូនដំណឹង ដល់នាយកដ្ឋាន ពន្លត់អគ្គីភ័យ និងអាជ្ញាធរក្នុងតំបន់ នៃតំបន់ Ganghwa ភាគខាងលិចនៃទីក្រុងសេអ៊ូលថា យន្តហោះគ្មានមនុស្ស បើកមួយគ្រឿង ត្រូវបានគេប្រទះ ឃើញនៅក្នុងតំបន់នោះ។ បន្ទាប់មក មន្ត្រីតំបន់បានព្រមាន ប្រជាពលរដ្ឋ តាមរយៈសារនៅម៉ោងប្រហែល៣រសៀលម៉ោង ក្នុងស្រុក ដោយជំរុញឱ្យមានការប្រុងប្រយ័ត្ន ។

ទោះបីជាយ៉ាងណាក៏ដោយ ការរំខាននោះត្រូវបាន “វាយតម្លៃថាជាហ្វូងសត្វស្លាប មិនមែនជាយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង”នោះទេ, នេះបើតាមមន្ត្រីម្នាក់នៅ JCS ត្រូវបានដកស្រង់សម្តី ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ។ យ៉ាងណាក៏ដោយ កងទ័ពអាកាសបានតាមដាន ហ្វូងសត្វស្លាបនោះអស់ រយៈពេលប្រហែលបីម៉ោង ហើយបានប្រើទាំងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រផងដែរ។

កំហុសបានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំង ឡើងនៅលើឧបទ្វីបកូរ៉េ ខណៈដែលទីក្រុងសេអ៊ូលបាននិយាយថា យន្តហោះគ្មានមនុស្ស បើកស៊ើបការណ៍របស់កូរ៉េខាងជើងចំនួន៥គ្រឿង បានឆ្លងកាត់ព្រំដែនកាលពីថ្ងៃចន្ទ ដោយមួយបានទៅដល់ផ្នែកភាគខាងជើង នៃរដ្ឋធានីរបស់ខ្លួន៕

To Top