ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលចិន ស្វែងរកការសន្ទនា ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ក្នុងកិច្ចពិភាក្សាជាមួយលោក ពូទីន

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានកិច្ចសន្ទនាក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ខណៈដែលលោកបានជួបពិភាក្សាតាមអ៊ីនធឺណិត ជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដោយលើកឡើងថា ទីក្រុងប៉េកាំងនឹង “ដើរតួនាទីស្ថាបនា” សម្រាប់ដំណោះស្រាយដោយសន្តិវិធី។

លោក ស៊ី ត្រូវ​បាន​ដកស្រង់​សម្តី​ដែល​ប្រាប់​លោក ពូទីន ដោយ​ទូរទស្សន៍​កណ្តាល​ចិន​ថា “ផ្លូវ​ទៅកាន់​កិច្ចចរចា​សន្តិភាព​នឹង​មិន​រលូន​នោះទេ ប៉ុន្តែ​ដរាបណា​ការ​ខិតខំ​ប្រឹងប្រែង​មិន​ត្រូវ​បាន​បោះបង់​នោះ​ទេ អនាគត​នៃ​សន្តិភាព​នឹង​មាន​ជានិច្ច​”។

មេដឹកនាំ​ចិន​ក៏​បាន​ឲ្យដឹងដែរ​ថា ទីក្រុង​ម៉ូស្គូ​មិន​ដែល​បដិសេធ​គំនិត​នៃ​ការ​ដោះស្រាយ​ជម្លោះ​ តាម​រយៈ​ការ​ចរចា​ការទូត​នោះ​ទេ ហើយ​ក្រុង​ប៉េកាំង ​ពេញចិត្ត​ចំពោះ​គំនិត​នោះ។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី មកលើប្រទេសជិតខាងរបស់ខ្លួនកាលពីខែកុម្ភៈ ទីក្រុងប៉េកាំង បានបដិសេធមិនថ្កោលទោសទីក្រុងម៉ូស្គូ និងបានប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដែលដាក់ដោយប្រទេសលោកខាងលិច ប៉ុន្តែលោក ស៊ី បានសម្តែងការព្រួយបារម្ភរបស់លោកអំពីសង្គ្រាម ហើយបានជំទាស់នឹងការប្រើប្រាស់ ឬគំរាមកំហែងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអឺរ៉ុបខាងកើត។

ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានចុះផ្សាយថា ក្នុងអំឡុងកិច្ចពិភាក្សា លោក ពូទីន បានសម្តែងនូវឆន្ទៈសម្រាប់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធា និងបានសរសើរទំនាក់ទំនងទ្វេភាគីថាជា “ល្អបំផុតដែលមិនធ្លាប់មាន” ។

មេដឹកនាំរុស្ស៊ីក៏បានឲ្យដឹងផងដែរថា “នៅក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង សារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-ចិន ដែលជាកត្តាស្ថេរភាពកំពុងកើនឡើង” យោងតាមស្ថានទូតរុស្ស៊ីនៅទីក្រុងប៉េកាំង ដោយយោងទៅលើការដាក់ទណ្ឌកម្ម របស់ប្រទេសលោកខាងលិចមកលើទីក្រុងម៉ូស្គូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top