ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងអ៊ុយក្រែន ធ្វើការដោះលែង អ្នកទោសចំនួនជាង ២០០នាក់

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រុមយោធា របស់ប្រទេសរុស្សីប្រមាណជា ៨២នាក់ ដែលត្រូវបានដោះលែងចេញពី ទីតាំងគ្រប់គ្រងដោយប្រទេសអ៊ុយក្រែន នៅចំថ្ងៃបុណ្យឆ្លងឆ្នាំសកល ក្រោយការចរចាគ្នារវាងភាគីទាំងពីរ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិនៃ ប្រទេសរុស្សីបានឲ្យដឹងដែរថា ក្រុមអ្នកទោសសង្គ្រាមទាំងនោះ នឹងត្រូវធ្វើដំណើរមកដល់ទីក្រុងមូស្គូ តាមរយៈជើងហោះហើររបស់រុស្សី ដើម្បីអាចធ្វើការត្រួតពិនិត្យមើល ថែសុខភាពឡើងវិញ។

ខាងភាគីរបស់អ៊ុយក្រែន ក៏បានប្រកាសដែរបន្តិចក្រោយមកថា ការដោះដូរអ្នកទោសគ្នា រវាងប្រទេសរុស្សីនិងអ៊ុយក្រែន ត្រូវបានធ្វើឡើងដោយក្នុងនោះ យោធារុស្សីចំនួន ៨២នាក់ ត្រូវបានដោះដូរជាមួយនឹងយោធា របស់អ៊ុយក្រែនប្រមាណជា ១៤០នាក់
ដែលក្នុងនោះមានបុរស ១៣២នាក់ និងស្ត្រី៨នាក់ផងដែរ។

គួរឲ្យដឹងដែរថា ការដោះដូរគ្នាចុងក្រោយនេះ គឺជាការដោះដូរអ្នកទោសសង្គ្រាម ជាលើកទី៣ហើយ រវាងប្រទេសទាំងពីរគិតត្រឹមខែធ្នូ ដែលកាលពីដើមខែ យោធាសរុប៦០នាក់ ត្រូវបានដោះលែងហើយលើកទី២ មានចំនួន៥០នាក់ផ្សេងទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top