ព័ត៌មានអន្តរជាតិ

រុស្ស៊ី ផ្ទុះកំហឹង ក្រោយអ៊ុយក្រែនបើកការ វាយប្រហារលើតំបន់កាន់កាប់ សម្លាប់ទាហានជាង ៦០នាក់

ម៉ូស្គូ៖ រុស្ស៊ី ផ្ទុះកំហឹង ក្រោយអ៊ុយក្រែនបើកការ វាយប្រហារដោយមីស៊ីល លើតំបន់ដែលខ្លួនកាន់កាប់ ដោយបានសម្លាប់ទាហានរុស្ស៊ីជាង ៦០នាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ទាហានអ៊ុយក្រែន បានបាញ់រ៉ុក្កែតទៅលើទីតាំងដាក់ពង្រាយ បណ្តោះអាសន្នរបស់កងទ័ពរុស្ស៊ី នៅក្នុងទីក្រុង Makiivka ក្នុងទីក្រុង Donetsk ដោយបានសម្លាប់ទាហានរុស្ស៊ី យ៉ាងហោចណាស់ ៦៣នាក់។

ក្រសួងបានឲ្យដឹងថា អ៊ុយក្រែនបានបាញ់ផ្លោង តំបន់នោះជាមួយនឹងគ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៦គ្រាប់ ដោយបន្ថែមប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់គ្រាប់រ៉ុក្កែតពីរគ្រាប់។

ប្រភពបានឲ្យដឹងថា “ជំនួយ និងជំនួយចាំបាច់ទាំងអស់នឹង ត្រូវបានផ្តល់ជូនដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ទាហានដែលបានស្លាប់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធថាមពល ត្រូវបានខូចខាតជាលទ្ធផល នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីដ៏ធំមួយទៀតទៅលើរដ្ឋធានីគៀវ របស់អ៊ុយក្រែនកាលពីយប់ថ្ងៃចន្ទ។

អភិបាលក្រុងគៀវលោក Vitali Klitschko បានសរសេរនៅលើបណ្ដាញ Telegram ឲ្យដឹងថា ផ្នែកខ្លះនៃទីក្រុងគៀវ ត្រូវបានទុកចោលដោយគ្មានអគ្គិសនី និងកំដៅបន្ទាប់ពីការ វាយប្រហារតាមអាកាស ដែលបានធ្វើឱ្យបុរសអាយុ ១៩ឆ្នាំម្នាក់រងរបួសផងដែរ ។

លោក Oleksii Kuleba ប្រធានរដ្ឋបាលយោធាក្នុងតំបន់គៀវ បានឲ្យដឹងនៅលើបណ្ដាញ Telegram ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ និងផ្ទះឯកជនត្រូវបាន ខូចខាតនៅក្នុងតំបន់គៀវ ដោយសារតែការវាយប្រហារ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top