ព័ត៌មានអន្តរជាតិ

ប៉ូឡូញស្នើយូអិន ធានាឲ្យបាននូវសំណង ការខូចខាត នៅសង្គ្រាមលោកទី២ ពីសំណាក់ប្រទេសអាល្លឺម៉ង់

បរទេស៖ បើយោងតាមការប្រកាស ដោយអនុរដ្ឋមន្ត្រីការបរទេស ប៉ូឡូញ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសប៉ូឡូញធ្វើការស្នើសុំអន្តរាគមន៍ ពីអង្គការសហប្រជាជាតិហៅកាត់ថា UN រួចរាល់ហើយជុំវិញ សំណងសង្គ្រាមលោកលើកទី២ ពីសំណាក់ប្រទេស អាល្លឺម៉ង់ ។

លោក Arkadiusz Mularczyk បានថ្លែងនៅក្នុងអំឡុង នៃពេលធ្វើសន្និសិទកាសែតថា ៖ ប្រព័ន្ធអង្គការសហប្រជាជាតិ គឺជាឧបករណ៍ដែលដើរ តួសម្រាប់កិច្ចសន្ទនា ក៏ដូចជាសម្រាប់ ណែនាំសហគមន៍អន្តរជាតិអំពីទំហំ នៃការខូចខាតដែលបណ្តាល មកពីការឈ្លានពាន និងការកាន់កាប់ របស់អាល្លឺម៉ង់ ក្នុងអំឡុងពេលសង្រ្គាម ហើយប៉ូឡូញមានបំណងប្រើប្រាស់ពួកវា ដើម្បីឲ្យអាចទទួលបានលទ្ធផល ដែលយើងចង់បាន។

គួរឲ្យដឹងដែរថាកាលពីថ្ងៃទី១ ខែកញ្ញាកន្លងមក ប្រទេសប៉ូឡូញបានធ្វើការប្រកាសបង្ហាញ អំពីព័ត៌មានលំអិតនៃសំណង ដែលខ្លួនចង់បានពីការរងការខូចខាត នៅក្នុងអំឡុងសង្គ្រាម ពីសំណាក់ប្រទេសអាល្លឺម៉ង់ ដែលមានដុចជាទឹកប្រាក់ប្រមាណជា ១,៤ទ្រីលានដុល្លារនៅក្នុងនោះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top