តេអេរ៉ង់ ៖ ប្រជាជនអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអង្គារនៅទូទាំងប្រទេស ដើម្បីប្រារព្ធពិធីចងចាំអតីត មេបញ្ជាការកំពូលលោក Qassem Soleimani ដែលត្រូវបានធ្វើឃាត ដោយសហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ក្នុងអំឡុងពេល ពិធីរំលឹកខួបលើកទី៣ នៃការធ្វើឃាតលោក Soleimani នៅរដ្ឋធានីតេអេរ៉ង់ ហ្វូងមនុស្សបានគ្រវីទង់ជាតិអ៊ីរ៉ង់ និងបានស្រែកពាក្យ ស្លោកប្រឆាំងអាមេរិក ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានប្រាប់ហ្វូងមនុស្ស ដោយពណ៌នាលោក Soleimani ថាជានិមិត្តរូប នៃការប្រយុទ្ធប្រឆាំងនឹង ការគៀបសង្កត់ និងក្រអឺតក្រទម ជាសកលថា “យើងមិនភ្លេចនោះទេ ហើយនឹងមិនភ្លេចអំពីការ សងសឹកដល់ឈាមរបស់ មេបញ្ជាការកំពូលរបស់យើងដែរ” ។
លោក Raisi បានប្តេជ្ញាថា “យើងនឹងមិនអនុញ្ញាតឱ្យឃាតក និងអ្នកនៅពីក្រោយឧក្រិដ្ឋកម្មដេកលក់ស្រួលនោះទេ”។ ពិធីស្រដៀងគ្នានេះក៏ត្រូវបានប្រារព្ធធ្វើនៅទីក្រុង Esfahan, Yazd និងទីក្រុង Kerman របស់លោក Soleimani។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ យោធាអាមេរិកបានធ្វើឃាតលោក Soleimani និងមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធ Hashd Shaabi របស់អ៊ីរ៉ាក់ Abu Mahdi al-Muhandis ក្នុងការវាយប្រហារដោយយន្តហោះដ្រូន នៅជិតអាកាសយានដ្ឋាន អន្តរជាតិបាកដាដ ក្នុងប្រទេសអ៊ីរ៉ាក់ ហើយការធ្វើឃាតនេះត្រូវបានថ្កោលទោស ដោយប្រទេសអ៊ីរ៉ង់ថាជា “អំពើភេរវកម្មរដ្ឋ” ៕