ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ព្រមានអ៊ីស្រាអែល ចំពោះការប្រចាំនឹងអ្នកទោស ខណៈក្រុងយេរ៉ូសាឡឹម ត្រៀមចេញច្បាប់ប្រហារជីវិតអ្នកទោស

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានព្រមានប្រឆាំងនឹងវិធានការរបស់អ៊ីស្រាអែល ដែលនឹងត្រូវចាត់វិធានការ ប្រឆាំងនឹងអ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir បានទៅទស្សនាពន្ធនាគារ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

លោក Qadri Abu Baker ប្រធានគណៈកម្មការកិច្ចការអ្នកជាប់ឃុំ និងអតីតអ្នកជាប់ឃុំប៉ាឡេស្ទីនបានឲ្យដឹងថា “អ្នកទោសប៉ាឡេស្ទីន នៅក្នុងពន្ធនាគារអ៊ីស្រាអែល ប្តេជ្ញាប្រឈមមុខនឹងវិធានការរបស់អ៊ីស្រាអែល ដោយការបះបោរប្រឆាំងនឹង ច្បាប់របស់ពន្ធនាគារ និងដោយការធ្វើកូដកម្មអត់អាហារ”។

លោក Abu Baker បានបន្ថែមថា “ថ្នាក់ដឹកនាំប៉ាឡេស្ទីនកំពុងខិតខំប្រឹងប្រែង យ៉ាងខ្លាំងជាមួយគ្រប់ភាគី និងស្ថាប័នអន្តរជាតិ ដើម្បីការពារអ្នកទោស” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនេះ សមាគមក្លឹបអ្នកទោសប៉ាឡេស្ទីនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រឈមមុខដាក់គ្នា នាពេលខាងមុខប្រឆាំងនឹងវិធានការ ដែលរដ្ឋាភិបាលអ៊ីស្រាអែល មានបំណងដាក់។

នៅតំបន់ហ្គាហ្សា ចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្វីដែលរដ្ឋាភិបាលអ៊ីស្រាអែល កំពុងរៀបចំគឺជាការកើនឡើងដ៏គ្រោះថ្នាក់ ដែលមិនអាចបំបិទមាត់បាន ហើយប្រជាជនប៉ាឡេស្ទីន នឹងមិនអនុញ្ញាតឱ្យវាទៅដោយមិនដឹងខ្លួន” ។

កាលពីថ្ងៃសុក្រ លោក Ben-Gvir បានបង្ហោះសារលើបណ្ដាញ Twitter ថា លោកកំពុងបន្តផែនការរបស់លោក ក្នុងការអនុម័តច្បាប់ ដែលកំណត់ទោសប្រហារជីវិតលើអ្នកទោស ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់ ឬប៉ុនប៉ងសម្លាប់ជនជាតិអ៊ីស្រាអែល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top