ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ថ្កោលទោសទៅលើចិន ចំពោះការធ្វើសមយុទ្ធយោធា នៅជុំវិញបរិវេណ ដែនកោះរបស់ខ្លួន

តៃប៉ិ/ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ កោះតៃវ៉ាន់ បានថ្កោលទោសប្រទេសចិន ចំពោះការធ្វើសមយុទ្ធយោធា ជាលើកទី២របស់ខ្លួនជុំវិញ ដែនកោះនេះ ក្នុងរយៈពេលមិនតិច ជាងមួយខែឡើយ ។ ដោយក្រសួងការពារជាតិបានឲ្យដឹងថា ខ្លួនបានរកឃើញយន្តហោះចិនចំនួន៥៧គ្រឿង ។

ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួន ហើយបាន និងកំពុងបង្កើន សម្ពាធផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ដើម្បីធ្វើការប្រកាសពីដែនដី ទាំងនោះជារបស់ខ្លួន ។

បញ្ជាការប្រចាំភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានរៀបចំ “ការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធប្រយុទ្ធជាក់ស្តែង” នៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដោយផ្តោតលើការ វាយប្រហារលើដី និង ការវាយលុកតាមសមុទ្រ ។

គោលបំណង នៃសមយុទ្ធនេះគឺដើម្បីសាកល្បង សមត្ថភាពប្រយុទ្ធរួមគ្នា និង “ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងផ្តាច់ខ្លួនឯករាជ្យកោះតៃវ៉ាន់” ។ បញ្ជាការខាងលើបានឲ្យដឹងបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ ខ្លីមួយកាលពីល្ងាចថ្ងៃអាទិត្យដូច្នេះ ។

ការិយាល័យប្រធានាធិបតី កោះតៃវ៉ាន់ បានឲ្យដឹងថា ប្រទេសចិន កំពុងធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ហើយបានថ្កោលទោស យ៉ាងខ្លាំងចំពោះសមយុទ្ធនេះ ដោយបាននិយាយថា សន្តិភាព និងស្ថិរភាព នៃច្រកសមុទ្រកោះតៃវ៉ាន់ និងតំបន់គឺជាការទទួលខុសត្រូវរួមរបស់កោះតៃវ៉ាន់ និងចិន ៕

To Top