ព័ត៌មានអន្តរជាតិ

ប៉ូឡូញ នឹងបញ្ជូនរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ ទៅឲ្យអ៊ុយក្រែន សម្រាប់ប្រយុទ្ធនឹងរុស្ស៊ី

Warsaw៖ ប៉ូឡូញបានសម្រេចចិត្តបញ្ជូនរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងរុស្ស៊ី នេះបើតាមប្រធានាធិបតីរបស់ប្រទេសនេះ លោក Andrzej Duda ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន លោក Duda បានជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន និងលីទុយអានី លោក វ្លាឌីមៀ ហ្សេឡិនស្គី និង Gitanas Nauseda រៀងគ្នាក្នុងទម្រង់ហៅថា Lublin Triangle (សម្ព័ន្ធភាពក្នុងតំបន់នៃប្រទេសទាំងបី)។

បន្ទាប់ពីកិច្ចប្រជុំ លោក Duda បានប្រាប់អ្នកសារព័ត៌មានថា “ក្រុមហ៊ុនរថក្រោះ Leopard នឹងត្រូវបានប្រគល់ឱ្យជាផ្នែកមួយនៃការកសាងសម្ព័ន្ធអន្តរជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Duda បានលើកឡើងថា “ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងរួចហើយនៅក្នុងប្រទេសប៉ូឡូញ” ដោយបន្ថែមថា លោករំពឹងថា នឹងមានប្រទេសជាច្រើនទៀតនឹងចូលរួមកិច្ចខិតខំប្រឹងប្រែងក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនមួយ ជាធម្មតាមានរថក្រោះចំនួន ១៤គ្រឿង ហើយការនាំចេញរថក្រោះ Leopard ឡើងវិញ ទាមទារការយល់ព្រមពីរដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top