ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាទិញយន្តហោះចម្បាំងធុន Su-35 ជាច្រើនគ្រឿងពីសម្ព័នមិត្ដរុស្ស៊ី

តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងទទួលយកយន្តហោះចម្បាំងធុន Su-35 ជាច្រើនគ្រឿងពីប្រទេសរុស្ស៊ី នៅក្នុងថ្ងៃដំបូងនៃឆ្នាំបន្ទាប់របស់អ៊ីរ៉ង់ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២១ ខែមីនា។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Shahriar Heydari សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានបង្ហើបថា អ៊ីរ៉ង់ បានបញ្ជាទិញយន្តហោះចម្បាំង ខាងលើនេះពីមុនមក ។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ក៏បានបញ្ជាទិញប្រព័ន្ធការពារ និងកាំជ្រួចជាច្រើន ក៏ដូចជាឧទ្ធម្ភាគចក្រផងដែរ ដែលភាគច្រើននឹងត្រូវបញ្ជូន ដោយរុស្ស៊ីក្នុងពេលឆាប់ៗនេះ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងកាលពីខែធ្នូ ឆ្នាំ២០២២ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ លើវិស័យផ្សេងៗគ្នា ជាពិសេសវិស័យការពារជាតិ គឺមិនប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ ។

អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច មួយចំនួននាពេលថ្មីៗនេះ បានចោទប្រកាន់អ៊ីរ៉ង់ថា បាននាំចេញយន្តហោះដ្រូនអត្តឃាត ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

អ៊ីរ៉ង់បានទទួលស្គាល់ថា បានផ្គត់ផ្គង់រុស្ស៊ីនូវ យន្តហោះដ្រូនមួយចំនួនតូច ក្នុងប៉ុន្មានខែមុនជម្លោះអ៊ុយក្រែន ប៉ុន្តែបានបដិសេធការផ្គត់ផ្គង់ ដល់ទីក្រុងម៉ូស្គូនូវយន្តហោះដ្រូន សម្រាប់ប្រើប្រាស់ប្រឆាំងនឹងទីក្រុងគៀវ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top