ព័ត៌មានអន្តរជាតិ

អាមេរិក អាចនឹងជួយ ដល់ការវាយប្រហារ របស់អ៊ុយក្រែន ទៅលើគ្រីមៀ

បរទេស៖ រដ្ឋាភិបាលអាមេរិកកំពុងថ្លឹងថ្លែងថា តើត្រូវផ្គត់ផ្គង់អ៊ុយក្រែនឱ្យមានសមត្ថភាព វាយប្រហារឧបទ្វីប គ្រីមៀ ជាយុទ្ធសាស្ត្រឬយ៉ាងណា នេះបើយោងតាមកាសែត New York Times ។

ការពិភាក្សាបានបង្ហាញ ពីការផ្លាស់ប្តូរបន្តិចម្តងៗក្នុងចំណោមមន្ត្រីអាមេរិក ឆ្ពោះទៅរកការគាំទ្រដ៏ក្លាហានបន្ថែមទៀត សម្រាប់ទីក្រុងគៀវ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនទទូចថា ខ្លួនមិនស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងម៉ូស្គូក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការស្ទាក់ស្ទើរជាច្រើនខែមក សេតវិមានកំពុងបង្កើនលើគំនិតដែលថា អ៊ុយក្រែនអាច “ត្រូវការអំណាច” ដើម្បីវាយប្រហារយ៉ាងជ្រៅ នៅក្នុងទឹកដីរុស្ស៊ី ពោលគឺបន្ទាយយោធារបស់ខ្លួននៅគ្រីមៀ, នេះបើតាមកាសែត The Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកជាច្រើន ដែលមិនបញ្ចេញឈ្មោះ។

មន្ត្រីអាមេរិកកំពុងពិភាក្សាជាមួយសមភាគីអ៊ុយក្រែន អំពីការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអាមេរិក ចាប់ពីប្រព័ន្ធរ៉ុក្កែត HIMARS ដល់រថយន្តប្រយុទ្ធ Bradley ដើម្បីអាចកំណត់គោលដៅ នៅក្នុងតំបន់ គ្រីមៀ ។ សារព័ត៌មានខាងលើ បាននិយាយដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន “បានមកជឿថា ប្រសិនបើយោធាអ៊ុយក្រែន អាចបង្ហាញរុស្ស៊ីថា ការគ្រប់គ្រងរបស់ខ្លួនលើគ្រីមៀអាចត្រូវបានគំរាមកំហែង នោះនឹងពង្រឹងជំហររបស់ទីក្រុងគៀវ នៅក្នុងការចរចានាពេលអនាគតណាមួយ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top