ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើង ដោយផ្អែកលើសុទិដ្ឋិនិយម ចំពោះតម្រូវការកើនឡើង នៅប្រទេសចិន

ញូវយ៉ក៖ តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃសុក្រ ដែលជំរុញដោយសុទិដ្ឋិនិយម ចំពោះតម្រូវការនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្សារភាគហ៊ុន West Texas Intermediate (WTI) សម្រាប់ការចែកចាយនៅខែកុម្ភៈ បានកើនឡើង ៩៨សេន ឬ ១,២២ ភាគរយ ដើម្បីទូទាត់នៅ ៨១,៣១ដុល្លារអាមេរិកក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅ Brent សម្រាប់ចែកចាយនៅខែមីនាបានបន្ថែម ១,៤៧ ដុល្លារ ឬ ១,៧១ ភាគរយ មកនៅ ៨៧,៦៣ ដុល្លារក្នុងមួយបារ៉ែល នៅលើ ផ្សារហ៊ុន London ICE Futures Exchange ។

លោក Vladimir Zernov អ្នកវិភាគទីផ្សារជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ព័ត៌មានទីផ្សារ FX Empire បានឲ្យដឹងថា “ទីផ្សារប្រេងបន្តកើនឡើងខ្ពស់ នៅពេលដែលឈ្មួញមានសុទិដ្ឋិនិយម លើការកើនឡើង នៃតម្រូវការរបស់ប្រទេសចិន” ។

លោក​បាន​បន្ត​ថា “នៅ​សប្តាហ៍​ក្រោយ​តម្រូវការ​ប្រេង ​របស់​ប្រទេស​ចិន នឹង​កើនឡើង​ខណៈ​ប្រទេស​នេះ​នឹង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន ដែល​មាន​សុទិដ្ឋិនិយម​ សម្រាប់​ទីផ្សារ​ប្រេង​”។ ពាណិជ្ជករ​បាន​បន្ត​ស្រង់​ទិន្នន័យ​ស្តុក​ប្រេង ​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋបាលព័ត៌មានថាមពល របស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ស្តុកប្រេងឆៅពាណិជ្ជកម្ម របស់ប្រទេសបានកើនឡើង ចំនួន ៨,៤លានបារ៉ែល ក្នុងអំឡុងសប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទី១៣ ខែមករា។ ជាមធ្យម អ្នកវិភាគ ដែលត្រូវបានស្ទង់មតិដោយ S&P Global Commodity Insights បានរំពឹងថាការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក នឹងបង្ហាញពីការកើនឡើងចំនួន ០,៩លានបារ៉ែល។

យោងតាម ​​EIA ស្តុកប្រេងសាំងសរុប បានកើនឡើង ចំនួន ៣,៥លានបារ៉ែល កាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេងចម្រាញ់ បានថយចុះចំនួន ១,៩ លានបារ៉ែល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top