ព័ត៌មានអន្តរជាតិ

អាមេរិក ចោទកូរ៉េខាងជើងថា កំពុងផ្ដល់អាវុធឲ្យរុស្ស៊ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បន្តជួយដល់ប្រតិបត្តិការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការផ្តល់អាវុធ និងគ្រាប់រំសេវដល់ក្រុមហ៊ុនយោធាឯកជនមួយ។

 អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានឲ្យដឹងថា នាយកដ្ឋានរតនាគារនឹងចាត់តាំងក្រុមហ៊ុនរុស្ស៊ី Wagner Group ជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏សំខាន់” និងដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុននេះ នៅសប្តាហ៍ក្រោយ រួមជាមួយនឹងបណ្តាញគាំទ្រ របស់ខ្លួននៅលើទ្វីបជាច្រើន។

លោក Kirby បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “Wagner គឺជាអង្គការឧក្រិដ្ឋកម្មមួយ ដែលកំពុងប្រព្រឹត្តអំពើឃោរឃៅ និងការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ ហើយយើងនឹងធ្វើការដោយមិនឈប់ឈរ ដើម្បីកំណត់អត្តសញ្ញាណ រំខាន លាតត្រដាង និងកំណត់គោលដៅអ្នកដែលជួយ Wagner” ។

លោក Kirby បានចោទប្រកាន់ប្រទេសកូរ៉េខាងជើង ពីការផ្ទេរអាវុធដែលបំពានយ៉ាងច្បាស់ លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ចេញរូបភាពផ្កាយរណប ដែលវាបានបង្ហាញថា បង្ហាញពីរថភ្លើងរបស់រុស្ស៊ីដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ហើយត្រឡប់ទៅប្រទេសរុស្ស៊ីវិញនៅថ្ងៃបន្ទាប់ជាមួយនឹងកុងតឺន័រ។

លោក Kirby បានលើកឡើងថា រូបភាពបង្ហាញពី “ការផ្តល់អាវុធដំបូង” របស់កូរ៉េខាងជើង រួមទាំងគ្រាប់រ៉ុក្កែតថ្មើរជើង និងកាំជ្រួចទៅកាន់ Wagner ដែលសហរដ្ឋអាមេរិកជឿថា កំពុងដាក់ពង្រាយបុគ្គលិកប្រហែល ៥ម៉ឺននាក់នៅក្នុងអ៊ុយក្រែន។

លោកបានបន្ដថា សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានចែករំលែកព័ត៌មាននេះ ជាមួយគណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីកូរ៉េខាងជើង ខណៈពេលដែលបានកត់សម្គាល់ថា បរិមាណសព្វាវុធដែលត្រូវបានប្រគល់ទៅឱ្យ Wagner “មិនបានផ្លាស់ប្តូរសក្ដានុពលសមរភូមិ ក្នុងប្រទេសអ៊ុយក្រែននោះទេ”៕

To Top