ព័ត៌មានអន្តរជាតិ

អេស្ដូនី និងរុស្ស៊ី បណ្ដេញអ្នកការទូតចេញពីប្រទេសទៅវិញទៅមក និងទម្លាក់ទំនាក់ទំនងមកត្រឹមភារធារី

ថលលីន៖ រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Urmas Reinsalu បានឲ្យដឹងថា ប្រទេសអេស្តូនី បានស្នើឱ្យឯក អគ្គរដ្ឋទូតរុស្ស៊ី ចាកចេញពីប្រទេសជាការឆ្លើយតបទៅនឹងការសម្រេចចិត្តស្រដៀងគ្នានេះ ដែលប្រកាសដោយភាគីរុស្ស៊ី។

លោក Reinsalu បានលើកឡើងថា ក្នុងគោលការណ៍ស្មើភាព ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអេស្តូនី នឹងចាកចេញក្នុងពេល ដំណាល គ្នាជាមួយសមភាគីអេស្តូនី នៅថ្ងៃទី០៧ ខែកុម្ភៈ។

កាលពីថ្ងៃច័ន្ទផងដែរ រដ្ឋមន្ត្រីការបរទេសឡាតវី លោក Edgars Rinkevics បានឲ្យដឹងថា ប្រទេសរបស់លោកបានកោះ ហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសរុស្ស៊ី និងបានបន្ទាបទំនាក់ទំនងការទូតជាមួយ រុស្ស៊ីដល់កម្រិតភារធារីគិត ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងនោះដែរ លោកបានទាមទារឱ្យរុស្ស៊ីធ្វើដូចគ្នា។ លោក Rinkevics បានលើកឡើងថា ប្រទេសឡាតវី បានធ្វើការផ្លាស់ប្តូរបែបនេះ នៅក្នុងការបង្ហាញសាមគ្គីភាពជាមួយអេស្ដូនី ដែលជាអ្នកជិតខាងរបស់ខ្លួន។

កាលពីថ្ងៃទី១១ ខែមករា អេស្តូនីបានស្នើឱ្យរុស្ស៊ីកាត់បន្ថយចំនួនអ្នកការទូតនៅស្ថានទូតរបស់ខ្លួននៅទីក្រុងថលលីន មកត្រឹមប្រាំបីនាក់ត្រឹមថ្ងៃទី០១ ខែកុម្ភៈ ដែលស្មើនឹងចំនួនអ្នកការទូតអេស្តូនីនៅទីក្រុងមូស្គូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top