ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយកំពូលរុស្ស៊ីថា យោធារុស្ស៊ី គឺត្រូវបានប្រឆាំង ដោយលោកខាងលិច ស្ទើរតែទាំងស្រុង នៅអ៊ុយក្រែន

បរទេស ៖ ឧត្តមសេនីយកំពូលរបស់រុស្ស៊ី លោក Valery Gerasimov បាននិយាយថា ប្រទេសរុស្ស៊ី កំពុងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នា របស់បណ្តាប្រទេស លោកខាងលិចស្ទើរតែទាំងអស់ ប្រឆាំងនឹងប្រតិបត្តិការ យោធា របស់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកឧត្តមសេនីយ Gerasimov ដែលកាលពីដើមខែនេះ ត្រូវបានតែងតាំង ឱ្យដឹកនាំក្រុមកងកម្លាំងរួម របស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន បានប្រាប់កាសែត Argumenty I Fakty កាលពីថ្ងៃចន្ទថា “រុស្ស៊ីសម័យទំនើបមិនធ្លាប់ឃើញទំហំ និងកម្លាំងនៃអរិភាពបែបនេះទេ” ។

ឧត្តមសេនីយរូបនេះបានបន្ថែមថា “ប្រទេសរបស់យើង និងកងកម្លាំងប្រដាប់អាវុធ នាពេលបច្ចុប្បន្ននេះ ត្រូវបានប្រឆាំង ដោយសមូហភាព លោកខាងលិចទាំងមូល” ដោយសំដៅទៅលើការគាំទ្រ ផ្នែកយោធាយ៉ាងទូលំទូលាយ ដែលត្រូវបានផ្តល់ដល់ទីក្រុងគៀវ ដោយសហរដ្ឋអាមេរិក និងប្រទេសសមាជិកណាតូផ្សេងទៀត ក្នុងអំឡុងពេលជម្លោះ ។

ផ្ទាំងពាណិជ្ជកម្ម

រុស្ស៊ីបានទទូចជាយូរ មកហើយថា ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនគឺពិតជា “សង្រ្គាមប្រូកស៊ី ឬសង្គ្រាមតំណាង” ដែលធ្វើការប្រឆាំង នឹងរុស្ស៊ីដោយប្រទេស លោកខាងលិច ។ កាលពីដើមខែនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការចូលរួមរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅក្នុងជម្លោះនេះគឺ “ជាក់ស្តែង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top