តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ តាមប្រព័ន្ធអ៊ីនធឺណេតនៅថ្ងៃអង្គារ ដើម្បីគាំទ្រដល់វិស័យ ថាមពលរបស់អ៊ុយក្រែន។
ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំដែលបិទដោយសារព័ត៌មាន នឹងមានការចូលរួមពី ប្រធានកិច្ចការបរទេសផ្សេងទៀត នៃក្រុមសេដ្ឋកិច្ចប្រជាធិបតេយ្យ សំខាន់ៗចំនួន៧ និងដៃគូសំខាន់ៗផងដែរ។
លោក Hayashi បានទៅបំពេញទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន កាលពីពាក់កណ្តាលខែមករា ហើយបានបញ្ជាក់ជាមួយលោក Blinken ថាប្រទេសរបស់ពួកគេនឹងផ្តល់ការគាំទ្រ ដោយមិនងាករេដល់អ៊ុយក្រែន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីបានពិភាក្សាអំពីជំហានបន្ទាប់ សម្រាប់ការពង្រីកជំនួយដល់ វិស័យថាមពលរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រទេសជប៉ុនដែលឥឡូវនេះ កាន់តំណែងជាប្រធានបង្វិលនៃ G-7 គ្រោងនឹងផ្តល់ការគាំទ្រ ដល់អ៊ុយក្រែនប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ីជារបៀបវារៈដ៏សំខាន់ នៅពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលរបស់ក្រុម នៅខែឧសភានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
នៅពេលដែលរដ្ឋមន្ត្រីការបរទេស G-7 បើកកិច្ចប្រជុំនិម្មិតមួយនៅចុងខែធ្នូ ពួកគេបានថ្កោលទោសរុស្ស៊ី ចំពោះការវាយលុកផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ហើយបានយល់ព្រមបង្កើនជំនួយ សម្រាប់ប្រជាជនរបស់ខ្លួនដែលកំពុងតស៊ូ ដើម្បីស៊ូទ្រាំនឹងរដូវរងាដ៏អាក្រក់ ៕
ប្រែសម្រួល ឈូក បូរ៉ា