ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ កំពុងរងការរិះគន់ ចំពោះការលើកឡើងថា អាល្លឺម៉ង់ កំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock កំពុងប្រឈមមុខនឹងរលកនៃ ការរិះគន់បន្ទាប់ពីបាននិយាយ នៅឯសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE) ថា អាល្លឺម៉ង់កំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ការអត្ថាធិប្បាយនេះធ្វើឱ្យអ្នកនយោបាយ បក្សប្រឆាំងចោទជាសំណួរថា តើលោកស្រីសមនឹងការងារនេះឬអត់?

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកសភា លោកស្រី Sahra Wagenknecht អតីតប្រធានគណបក្សឆ្វេងនិយមនៅ Bundestag បានសរសេរកាលពីថ្ងៃសុក្រថា “សេចក្តីថ្លែងការណ៍របស់លោកស្រី Baerbock ថា អាល្លឺម៉ង់កំពុងមានសង្រ្គាមជាមួយរុស្ស៊ីបង្ហាញថា លោកមិនសមនឹងការងារ របស់លោកស្រីនោះទេ” ។ លោកស្រីបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសគួរតែជា “អ្នកការទូតកំពូល” ហើយ “កុំធ្វើដូចដំរីនៅក្នុងហាងរបស់ចិន” ដោយបានចោទប្រកាន់លោកស្រី Baerbock ថា បានជាន់ឈ្លីកេរ្តិ៍ឈ្មោះរបស់ប្រទេសអាល្លឺម៉ង់។

ក្នុងអំឡុងពេលជជែក ដេញដោលកាលពីថ្ងៃអង្គារ លោកស្រី Baerbock បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបកំពុង “ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី” ហើយត្រូវតែធ្វើបន្ថែមទៀត ដើម្បីការពារអ៊ុយក្រែន។

លោក Alice Weidel សហប្រធានក្រុមស្តាំនិយមជំនួសសម្រាប់អាល្លឺម៉ង់ (AfD) នៅក្នុង Bundestag បាននិយាយថា ប្រទេសអាល្លឺម៉ង់ត្រូវការរដ្ឋមន្ត្រីការបរទេស ដែលមានសមត្ថភាពធ្វើ “ជាអ្នកការទូតប្រកបដោយការទទួលខុសត្រូវ និងមិនមែនជាអ្នកនាំភ្លើងន” ចំពេលមានជម្លោះនៅអឺរ៉ុបនោះទេ។ រដ្ឋមន្ត្រីការបរទេសគួរតែតំណាង ឱ្យផលប្រយោជន៍របស់អាល្លឺម៉ង់ទាំងស្រុង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top