ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង របស់ឥណ្ឌា ២គ្រឿងបុកគ្នា លើអាកាស បណ្តាល ឲ្យស្លាប់ពីឡុតម្នាក់

ញ៉ូដេលី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា យន្តហោះចម្បាំង របស់កងទ័ពអាកាសឥណ្ឌា២គ្រឿង បានធ្លាក់នៅថ្ងៃសៅរ៍នេះ ដោយបានសម្លាប់អ្នកបើកយន្តហោះម្នាក់ និង២នាក់ទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នា កណ្តាលអាកាសជាក់ស្តែង ខណៈដែលកំពុង ធ្វើសមយុទ្ធនៅភាគខាងត្បូង នៃរដ្ឋធានីញ៉ូដេលី ។

ការធ្លាក់នេះ គឺជាឧបទ្ទវហេតុចុងក្រោយបង្អស់ នៃឧបទ្ទវហេតុយន្តហោះយោធា នៅក្នុងពេលដែលរដ្ឋាភិបាល កំពុងព្យាយាមធ្វើទំនើបកម្ម កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ផ្នែកសន្តិសុខដ៏ស្មុគស្មាញរបស់ប្រទេសឥណ្ឌា ។

វាជាប់ពាក់ព័ន្ធនឹងយន្តហោះ Sukhoi Su-30 ផលិតដោយរុស្ស៊ី ដឹកអ្នកបើក យន្តហោះ២នាក់ និង Mirage 2000 ផលិតដោយបារាំង ដំណើរការដោយអ្នកទី៣ ហើយត្រូវបានរាយការណ៍ ដោយសាក្សីទៅប៉ូលិស នៅម៉ោងប្រហែល១០ព្រឹកម៉ោងក្នុងស្រុក ។

គេបានដឹងថា យន្តហោះទាំង២ បានហោះឡើងនៅពេលព្រឹកពីមូលដ្ឋានអាកាស Gwalior ចម្ងាយប្រហែល៥០គីឡូម៉ែត្រ ភាគខាងកើតនៃកន្លែង ដែលពួកគេបានចុះមក ។

កងកម្លាំងទ័ពអាកាស របស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះនេះកំពុង ស្ថិតក្នុងបេសកកម្មហ្វឹកហាត់ហោះហើរ ប្រតិបត្តិការជាប្រចាំ”ដោយបានបន្ថែមថា អាកាសយានិកម្នាក់ក្នុងចំណោមអ្នកបើកយន្តហោះទាំង៣នាក់ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ។

កងកម្លាំងទ័ពអាកាសបានឲ្យដឹងទៀតថា ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុ នៃការធ្លាក់យន្តហោះនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top