ព័ត៌មានអន្តរជាតិ

ក្រសួង​ហិរញ្ញវត្ថុ​ថៃ ព្យាករណ៍កំណើន GDP ៣,៨ភាគរយ​ក្នុង​ឆ្នាំ២០២៣

បាងកក៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ កាលពីថ្ងៃសុក្រ បានបន្ទាបការព្យាករណ៍កំណើនរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ ប៉ុន្តែបានរក្សាការព្យាករណ៍របស់ខ្លួន សម្រាប់ឆ្នាំ២០២៣ ត្រឹម ៣,៨ភាគរយ ដែលបានជួយដោយការកែលម្អវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក។

លោក Pornchai Thiraveja អគ្គនាយកនៃការិយាល័យ គោលនយោបាយសារពើពន្ធ របស់ក្រសួងបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសត្រូវបានគេរំពឹងថានឹងកើនឡើង ៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២២ ធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ក្រសួងដែលមាន ៣,២ភាគរយដែលអូសដោយការធ្លាក់ចុះ នៃការប្រើប្រាស់ឯកជន ការវិនិយោគសាធារណៈ និងការនាំចេញ។  

គួរបញ្ជាក់ថា ទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២២ របស់ប្រទេសថៃ គឺដល់ខែកុម្ភៈ។  លោក Pornchai បានលើកឡើងថា ក្រសួងរំពឹងថាប្រទេសនេះនឹងស្វាគមន៍ ការមកដល់របស់ភ្ញៀវទេសចរបរទេស ចំនួន ២៧,៥ លាននាក់នៅឆ្នាំនេះ កើនឡើងពីការព្យាករណ៍ពីមុនចំនួន ២១,៥លាននាក់ ដោយសារការកើនឡើង នៃភ្ញៀវទេសចរមកពីតំបន់អាស៊ី។

វិស័យទេសចរណ៍របស់ប្រទេសកំពុងកើនឡើង ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១១,១៥លាននាក់នៅឆ្នាំ២០២២ កើនឡើងពីត្រឹមតែ ៤២៨០០០នាក់ក្នុងឆ្នាំ២០២១។

លោកបានបន្ដថា ការបង្កើនប្រសិទ្ធភាពរបស់ប្រទេសចិន នៃយុទ្ធសាស្ត្រកូវីដ-១៩ របស់ខ្លួនត្រូវបានចាត់ទុកថា ជាកម្លាំងរុញច្រានដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ខណៈដែលការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងប្រទេសសេដ្ឋកិច្ចធំៗ និងភាពតានតឹងភូមិសាស្ត្រនយោបាយ គឺជាកត្តាហានិភ័យ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top