ព័ត៌មានអន្តរជាតិ

អាកាសធាតុចុះត្រជាក់ខ្លាំង នៅអាហ្វហ្គានីស្ថាន បណ្តាលឲ្យពលរដ្ឋ ១៧០នាក់ បាត់បង់ជីវិត

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា លោក Shafiullah Rahimi មន្ត្រីនាំពាក្យក្រសួងគ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ និងកិច្ចការមនុស្សធម៌ បានលើកឡើងនៅថ្ងៃអាទិត្យនេះថា ព្រិលធ្លាក់ខ្លាំង និងអាកាសធាតុចុះត្រជាក់បាន ឆក់យកជីវិតមនុស្សអស់ចំនួន ១៧០នាក់ រួមទាំងកុមារ និងស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៣សប្តាហ៍កន្លងមកនេះ ។

លោក Rahimi បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា “មនុស្សសរុបចំនួន១៧០នាក់ រួមទាំងកុមារ និងស្ត្រីបានបាត់បង់ជីវិត និង៣០នាក់ផ្សេងទៀតរួមទាំងស្ត្រី និងកុមារបានរងរបួសដោយសារតែ អាកាសធាតុចុះត្រជាក់ និងព្រិលធ្លាក់នៅក្នុងខេត្តចំនួន២៤ ក្នុងចំណោមខេត្តចំនួន៣៤ របស់ប្រទេសនេះនៅក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ” ។

មន្ត្រីរូបនេះបានលើកឡើងថា ផ្ទះលំនៅឋានជាង ១៥០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ឬខូចខាតផ្នែកខ្លះក្នុងអំឡុងពេលនេះ ដោយបន្ថែមថា អាកាសធាតុចុះត្រជាក់ និងព្រិលធ្លាក់បានសម្លាប់សត្វគោប្រហែល ៨០.០០០ក្បាល រួមទាំងគោ ចៀម និងពពែនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស ។

មន្ត្រីរូបនេះក៏បានអំពាវនាវដល់ភ្នាក់ងារ ផ្តល់ជំនួយឱ្យផ្តល់ជំនួយមនុស្សធម៌ ដល់គ្រួសារអាហ្វហ្គានីស្ថានដែលខ្វះខាត នៅក្នុងដំណាក់កាលធ្ងន់ធ្ងរនេះ និងជួយពួកគេឱ្យរួចផុតពី រដូវរងាដ៏ត្រជាក់នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top