ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ សម្រុកបញ្ជូនយន្តហោះចម្បាំងជំនួយ ដល់ទ័ពជើងទឹករបស់ខ្លួន ដើម្បីឆ្លើយតបនឹងការធ្វើប្រតិបត្តិការ យន្តហោះយោធា របស់ចិន នៅក្បែរបរិវេណដែនកោះនេះ

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា កោះតៃវ៉ាន់ បានសម្រុកបញ្ជូន យន្តហោះចម្បាំងជំនួយ ដល់កងទ័ពជើងទឹករបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្ន និងធ្វើឱ្យប្រព័ន្ធមីស៊ីលសកម្ម ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការនៅក្បែរៗ របស់យន្តហោះយោធាចិន ចំនួន៣៤គ្រឿង និងនាវាចម្បាំងចំនួន៩គ្រឿង ដែលជាផ្នែកនៃយុទ្ធសាស្ត្រ របស់ក្រុងប៉េកាំង ក្នុងការរំសាយ និងបំភិតបំភ័យ មកលើដែនកោះនេះ ។

គួរបញ្ជាក់ថា ការដាក់ពង្រាយទ្រង់ទ្រាយធំរបស់ប្រទេសចិន បានកើតឡើងនៅគ្រាដែលក្រុងប៉េកាំង បង្កើនការត្រៀមលក្ខណៈសម្រាប់ការបិទផ្លូវ ដែលមានសក្តានុពល ឬការវាយប្រហារទាំងស្រុងលើកោះតៃវ៉ាន់ ដែលបានធ្វើឱ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមមេដឹកនាំយោធា នៅសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត ដ៏សំខាន់របស់កោះតៃវ៉ាន់ ។

នៅក្នុងអនុស្សរណៈកាលពីខែមុន ឧត្តមសេនីយកងទ័ពអាកាសអាមេរិកលោក Mike Minihan បានណែនាំមន្ត្រីឱ្យត្រៀមខ្លួនសម្រាប់ជម្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសចិន លើកោះតៃវ៉ាន់នៅឆ្នាំ២០២៥ ។ ក្នុងនាមជាប្រធានបញ្ជាការចល័តអាកាស លោក Minihan មានការយល់ដឹងយ៉ាងខ្ជាប់ខ្ជួនអំពីយោធាចិន និងការថ្លែងសុន្ទរកថាផ្ទាល់ខ្លួនរបស់គាត់បានបន្លឺឡើងនៅឯសហរដ្ឋអាមេរិកសម្រាប់ការរៀបចំកម្រិតខ្ពស់ ។

ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា យន្តហោះចិនចំនួន២០គ្រឿងកាលពីថ្ងៃអង្គារ បានឆ្លងកាត់ខ្សែកណ្តាលនៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាតំបន់ការពារមិនផ្លូវការជាយូរមកហើយរវាងភាគីដែលបានបែងចែកចំពេលមានសង្រ្គាមស៊ីវិលក្នុងឆ្នាំ១៩៤៩ ។

ប្រទេសចិន ទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដែលត្រូវកាន់កាប់ដោយកម្លាំង ខណៈប្រជាជនកោះតៃវ៉ាន់ភាគច្រើនប្រឆាំងនឹងការមកក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តផ្តាច់ការរបស់ចិន ។

ក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃពុធនេះថា កងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ “បានតាមដានស្ថានភាព … ដើម្បីឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top