ព័ត៌មានអន្តរជាតិ

ក្នុងខែមករា អ៊ីរ៉ាក់ នាំចេញប្រេងឆៅជាង ១០០លានបារ៉ែល

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា អ៊ីរ៉ាក់បាននាំចេញប្រេងឆៅប្រហែល ១០១.២៤លានបារ៉ែល នៅក្នុងខែមករា ដោយបង្កើតបានប្រាក់ចំណូលបាន ៧,៦៩ពាន់លានដុល្លារអាមេរិក ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ស្ថិតិពីអង្គការរដ្ឋ សម្រាប់ទីផ្សារប្រេងថា តម្លៃជាមធ្យមសម្រាប់ប្រេងឆៅអ៊ីរ៉ាក់ នៅក្នុងខែមករាគឺ ៧៥.៩៦ដុល្លារក្នុង១បារ៉ែល ។

សេចក្តីថ្លែងការណ៍បានដាក់ថា ប្រហែល៩៨.៤៦លានបារ៉ែល ត្រូវបាននាំចេញពីតំបន់ប្រេង នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់ តាមរយៈកំពង់ផែ Basra ខណៈដែលជាង២លានបារ៉ែល ពីខេត្តភាគខាងជើងនៃ Kirkuk តាមរយៈកំពង់ផែ Ceyhan របស់ប្រទេសតួកគី នៅលើសមុទ្រមេឌីទែរ៉ាណេ ។

តម្លៃប្រេងបានកើនឡើង នៅក្នុងទីផ្សារពិភពលោក ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសអ៊ីរ៉ាក់ និងប្រទេសនាំចេញប្រេងផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ តម្លៃបានមើលឃើញការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតែការភ័យខ្លាចនៃតម្រូវការប្រេងទាប នៅក្នុងទីផ្សារពិភពលោក ។

សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ាក់ ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញប្រេងឆៅ ដែលមានលើសពី ៩០ភាគរយ នៃប្រាក់ចំណូលរបស់ប្រទេសនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top