ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី លើកឡើងពីការសម្រេចចិត្ត របស់បណ្តាប្រទេសណាតូ ក្នុងការបញ្ជូនរថក្រោះ ទៅកាន់អ៊ុយក្រែន

បរទេស ៖ ប្រធានាធិបតីតួកគីលោក Recept Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្ត របស់បណ្តាប្រទេសណាតូ មួយចំនួន ក្នុងការបញ្ជូនរថក្រោះ ទៅកាន់ប្រទេសអ៊ុយក្រែន គឺជាវិធានការដែលមានហានិភ័យខ្ពស់ ដែលប្រហែល ជាមិនអាចជួយ បញ្ចប់ជម្លោះបានទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Erdogan បានប្រាប់ទូរទស្សន៍រដ្ឋ TRT នៅពេលសួរអំពីរថក្រោះថា “ខ្ញុំផ្ទាល់មិនអាចនិយាយបានថា ការបញ្ជូនរថក្រោះនឹងដោះស្រាយបញ្ហានេះទេ ។ នេះជាការខិតខំ ដែលមានហានិភ័យខ្ពស់ ។

លោក Erdogan បានបន្ថែមថា តួកគីនឹងបន្តកិច្ចចរចាជាមួយរុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយចរចា។

សូមជម្រាបថា នៅព្រឹកថ្ងៃដដែល ប្រទេសអេស្បាញ ក៏បានប្រកាសថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2A4 យ៉ាងតិចចំនួនប្រាំមួយគ្រឿង ទៅកាន់រដ្ឋាភិបាលក្នុងទីក្រុងគៀវ ហើយចាំបាច់ត្រូវពិភាក្សាជាមួយឧស្សាហកម្ម យោធាអេស្ប៉ាញ អំពីលទ្ធភាព នៃការបញ្ជូនបន្ថែមទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top